លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបានសន្យាផ្តល់ជំនួយសន្តិសុខថ្មីចំនួន៦០លានដុល្លារដល់ទីក្រុងគៀវ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការឈ្លានពានពីសំណាក់រុស្ស៊ី។

ការអះអាងខាងលើនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងក្នុងអំឡុងជួបពិភាក្សាការងារស្តីពីបញ្ហាសន្តិសុខជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡិនស្គី ស្របពេលដែលអ៊ុយក្រែនកំពុងព្រួយបារម្ភពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្រោយការដួលរលំអាហ្វហ្គានីស្ថាន។ នាឱកាសនោះ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ថ្ងៃនេះ យើងនឹងពិភាក្សាគ្នាអំពីរបៀបដែលអាមេរិកអាចបន្តគាំទ្រអ៊ុយក្រែន នៅពេលប្រទេសនេះកំពុងជំរុញរបៀបវារៈកំណែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

មុនដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក លោក ហ្សេឡិនស្គី បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងអាមេរិក ដែលនៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតអោយអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO ព្រមទាំងរិះគន់ទៀតផងថា ទីក្រុងវ៉ាស៊ីនតោនមានជំហរទន់ខ្សោយ ចំពោះគម្រោងបំពង់ឧស្ម័ន Nord Stream 2 រវាងអាល្លឺម៉ង់ និងរុស្ស៊ី ដែលអ៊ុយក្រែនយល់ថា ជាការគំរាមកំហែងផ្នែកសន្តិសុខមួយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner