កាតា៖ ការមិនទំនាក់ទំនងជាមួយក្រុមតាលីបង់ នឹងបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្គានីស្ថាន
កាលពីថ្ងៃអង្គារ ទី៣១ សីហានេះ រដ្ឋមន្ត្រីការបរទេសប្រទេសកាតាបានព្រមានថាការដាក់ក្រុមតាលីបង់ដោយឡែកអាចបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្គានីស្ថាន ហើយបានជំរុញបណ្ដាប្រទេសនៅជុំវិញពិភពលោកឱ្យទំនាក់ទំនងជាមួយក្រុមនេះដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចសង្គមនៅអាហ្វហ្គានីស្ថាន។

ស្របពេលដែលដើរតួជាសម្ព័ន្ធមិត្តរបស់អាមេរិក ប្រទេសកាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់មួយសម្រាប់ក្រុមតាលីបង់ ដោយពួកគេបានដើរតួជាម្ចាស់ផ្ទះរបស់ការិយាល័យនយោបាយរបស់ក្រុមនេះ។
ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសកាតាលោកមហាម៉ាត់ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានីបាននិយាយថា៖ «ប្រសិនបើយើងចាប់ផ្ដើមដាក់លក្ខខណ្ឌហើយបញ្ឈប់ការទាក់ទង យើងនឹងបន្សល់កន្លែងទំនេរមួយ ហើយសំណួរគឺថាតើអ្នកណានឹងបំពេញកន្លែងទំនេរនេះ?»។

លោកនិយាយថាការដាក់ក្រុមតាលីបង់ដោយឡែកកាលពី២០ឆ្នាំមុន បានបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន។
លោកបន្តទៀតថា៖ «យើងជឿជាក់ថាបើគ្មានទំនាក់ទំនងទេ យើងមិនអាចឈានដល់វឌ្ឍនភាពពិតប្រាកដលើផ្នែកសន្តិសុខ ឬនៅផ្នែកសេដ្ឋកិច្ចសង្គមឡើយ»។
មកដល់ពេលនេះ គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការថា តាលីបង់ជារដ្ឋាភិបាលរបស់អាហ្វហ្គានីស្ថាន។ ប្រទេសលោកខាងលិចបានជំរុញឱ្យតាលីបង់បង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលគ្រប់ភាគី និងគោរពសិទ្ធមនុស្ស។
ក្រុមតាលីបង់ ដែលកំពុងធ្វើការចរចាជាមួយសមាជិកអតីតរដ្ឋាភិបាល និងភាគីដទៃទៀត បាននិយាយថាពួកគេនឹងប្រកាសអំពីរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ទេ៕