ជប៉ុនរកឃើញដបវ៉ាក់សាំងម៉ូឌែរណាមួយផ្សេងទៀត សង្ស័យថាមានផ្ទុកសារធាតុបរទេសម៉្យាង
ជប៉ុន បានរាយការណ៍ករណីថ្មី ដែលពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនម៉ូឌែរណា ដែលផ្ទុកសារធាតុបរទេសម៉្យាង នេះជាឧប្បត្តិហេតុទី ៤ ហើយ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលគំរាមកំហែង និងបន្ថយល្បឿនយុទ្ធនាការចាក់ថ្នាំបង្ការរោគរបស់ប្រទេស។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA។

ខេត្តកាណាហ្គាវ៉ា បាននិយាយកាលពីថ្ងៃ អង្គារ ថា ភាគល្អិតខ្មៅជាច្រើននៅក្នុងកែវវ៉ាក់សាំងម៉ូឌែរណាមួយ ត្រូវបានរកឃើញនៅពេលត្រួតពិនិត្យរកសារធាតុបរទេសមុនពេលប្រើ ហើយក្រុមការងារបានផ្អាកបណ្ដុំវ៉ាក់សាំងមួយរយៈពេលសិន។
ប្រទេសជប៉ុន បានផ្អាកការប្រើប្រាស់ថ្នាំម៉ូឌែរណាចំនួន ១,៦៣ លានដូសកាលពីសប្តាហ៍មុន បន្ទាប់ពីរកឃើញដបមួយចំនួន ក្នុងការផ្គត់ផ្គង់មួយចំនួន។ ក្រុមហ៊ុនម៉ូឌែរណា និងក្រុមហ៊ុនឱសថអេស្ប៉ាញ Rovi ដែលវេចខ្ជប់វ៉ាក់សាំងនេះ បាននិយាយថា មូលហេតុអាចជាបញ្ហាផលិតកម្ម ហើយនិយតករសុវត្ថិភាពអឺរ៉ុប បានបើកការស៊ើបអង្កេតទាក់ទិននឹងករណីនេះ។
ក្រុមហ៊ុនម៉ូឌែរណា បាននិយាយថា មិនមានបញ្ហាសុវត្ថិភាព ឬ ប្រសិទ្ធភាពណាមួយរកឃើញក្នុងករណីនេះឡើយ។ គួរបញ្ជាក់ផងដែរថា មិនមានឧប្បត្តិហេតុស្រដៀងគ្នា កើតឡើងនៅក្នុងប្រទេសផ្សេងទៀតទេ។
ខេត្តកាណាហ្គាវ៉ា បាននិយាយថា ក្រុមហ៊ុនចែកចាយវ៉ាក់សាំង Takeda Pharmaceutical បានប្រមូលដប ដែលសង្ស័យថាមានសារធាតុកខ្វក់មកវិញ ហើយគេរាយការណ៍ថា មនុស្សប្រហែល ៣.៧៩០ នាក់ បានទទួលការចាក់ថ្នាំបង្ការរោគពីកន្លែងតែមួយនេះ។
វ៉ាក់សាំងម៉ូឌែរណា ត្រូវបានបញ្ឈប់ឱ្យចែកចាយ ជាបណ្តោះអាសន្ននៅក្នុងតំបន់ពីរផ្សេងទៀតនៅសប្តាហ៍នេះ ក្នុងករណីខ្លះសារធាតុបរទេស ត្រូវបានគេរកឃើញនៅក្នុងកែវ ដែលមិនត្រូវបានប្រើ ចំណែកឯសារធាតុផ្សេងទៀត ហាក់ដូចជា បណ្តាលមកពីការបិទជ័រកៅស៊ូរបស់ដបនៅពេល ដែលម្ជុលរបស់ស៊ឺរ៉ាំងចាក់ចូលមិនត្រឹមត្រូវ។
ក្រសួងសុខាភិបាលជប៉ុន បានដកស្រង់ការស៊ើបអង្កេតរបស់ក្រុមហ៊ុនខាងលើកាលពីថ្ងៃ ពុធ ថា កែវដែលផ្ញើទៅខេត្តកាណាហ្គាវ៉ា គឺខុសពីឡូត៍ផ្សេងទៀត ហើយសម្ភារៈបិទជ័រកៅស៊ូហាក់ដូចជាចូលទៅក្នុងដបក្នុងកំឡុងពេលដំណើរការផលិត។