ឯកឧត្តម ព្រុំ សុខា៖ ទោះបីជំងឺកូវីដ បានបង្កនូវការលំបាកប៉ុន្តែវាមិនអាចធ្វើឱ្យយើងបាត់បង់ភាពម្ចាស់ការ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឡើយ
នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវិធីសាស្ត្រនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីសិក្សាស្តីពីការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈរបស់ជ័យលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូ២០១៩ នាព្រឹកថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា ទោះបីជំងឺកូវីដ-១៩ បាន បង្កនូវការលំបាកជាច្រើន ប៉ុន្តែវាមិនអាចធ្វើឱ្យយើងបាត់បង់ទាំងស្រុងនូវភាពម្ចាស់ការ និងការអនុវត្តតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយើងឡើយ។
លោករដ្ឋមន្ត្រីបន្តថា ផ្ទុយទៅវិញ មន្ត្រីរាជការយើងនៅគ្រប់ លំដាប់ថ្នាក់បាននិងកំពុងខិតខំពុះពារ ដើម្បីសម្របខ្លួនក្នុងការរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតី ភាពថ្មីក្នុងបរិបទកូវីដ-១៩។ ជាមួយគ្នានេះ បញ្ហាប្រឈមនេះបានជួយរុញច្រានឱ្យយើងកាន់តែមានគំនិតច្នៃប្រឌិត នវានុវត្តន៍ និងការរួមសហការគ្នាកាន់តែជិតស្និទ្ធថែមទៀត រវាងអាជ្ញាធរសុខាភិបាល មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណៈ។
យើងទាំងអស់គ្នាប្ដេជ្ញាចូលរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ក្នុងការជំរុញចលនាជាតិក្រោមមគ្គុទ្ទេសភាព ដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅប្រយុទ្ធទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ ហើយដោះស្រាយបានដោយ ប្រសិទ្ធភាពនូវរាល់ផលប៉ះពាល់ទាំងឡាយពីការឆ្លងរាតត្បាតជាសកលនៃជំងឺដ៏កាចសាហាវនេះ ដើម្បីរក្សា ការពារសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាព របស់ប្រជាជន និងសង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាពផ្តល់សេវាគំរូ ដែលយើងធ្វើការផ្សព្វផ្សាយនៅពេលនេះ នឹង ផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីការរៀបចំការគ្រប់គ្រង ការផ្តល់សេវា និងការសហការរបស់អាជ្ញាធរ សហគមន៍ និង ដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យសាលារៀន និងមន្ទីរពេទ្យរបស់យើង មានការរីកចម្រើន ខណៈដែលការសិក្សាទាំង៤ នឹងបង្ហាញពីរូបភាពនៃអង្គភាពដែលទទួលបានគជ័យ និងលក្ខណៈសម្បត្តិសំខាន់ៗដែលធ្វើឱ្យអង្គភាព ជ័យលាភីទាំង៤នោះ ទទួលបានជោគជ័យ។
លោករដ្ឋមន្ត្រីបន្តថា យើងត្រូវខិតខំស្វែងយល់ និងយកចំណេះដឹងដែលទទួលបានទៅពង្រឹងការបំពេញការងារ និងការ ទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យរបស់យើងនៅមូលដ្ឋាន ឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាកំណែទម្រង់រដ្ឋបាលសាធារណៈពិសេសការលើក កម្ពស់គុណភាពសេវាសាធារណៈ គឺពិតជាមធ្យោបាយ និងក៏ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីឈានទៅសម្រេចបាន នូវគោលដៅប្រកបគុណភាពល្អប្រសើរនៃសេវាសាធារណៈវិស័យសំខាន់ៗជាអាទិ៍ អប់រំ និង សុខាភិបាល ពិតជាកាតាលីករទ្រទ្រង់ដល់ការរីកចម្រើននៃមូលធនមនុស្សនិងសុខភាពសាធារណៈ ត្រូវតែធ្វើការ កែលម្អជាប្រចាំ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាយើងមានចំណេះដឹង សុខភាពល្អ និងថាមពលគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជាតិយើង៕






