ប្រេសិតទីក្រុងប៉េកាំងប្រចាំទីក្រុងវ៉ាស៊ីនតោន៖ «ចិនមិនមែនជា សហភាពសូវៀតទេ»
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក រំលឹកទីក្រុងវ៉ាស៊ីនតោនថា អាមេរិកកំពុងមាន ឥរិយាបថដាក់ប្រទេសចិន តាមរបៀបដែលអាមេរិកបានធ្វើដាក់ អតីត សហភាពសូវៀត និងបានអំពាវនាវឱ្យបង្កើនការផ្លាស់ប្តូរផ្លូវការរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Qin Gang បានទទួលតួនាទីនេះ កាលពីចុងខែកក្កដានេះបាននិយាយថាវាគឺជា «ការយល់ច្រលំ» មួយដែលអាមេរិកជឿថា វាត្រូវការដោះស្រាយ ជាមួយចិនដូចក្នុងបរិបទសង្គ្រាមត្រជាក់ជាមួយចិន។ លោក ក៏បានបន្តថា «ចិនមិនមែនជា សហភាពសូវៀតទេ»។
លោក Qin បាននិយាយនៅក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញមួយ ដែលមានការចូលរួមដោយអ្នកឃ្លាំមើលជើងចាស់ របស់ប្រទេសចិនរួមទាំង អតីតរដ្ឋមន្រ្តីការបរទេសលោក Henry Kissinger និងលោកស្រី Susan Thornton ដែលបានបម្រើការក្រោមការដឹកនាំ របស់លោកដូណាល់ត្រាំ ជាជំនួយការរដ្ឋមន្រ្តីការបរទេស។ « គោលនយោបាយមកលើប្រទេសចិន របស់រដ្ឋបាលអាមេរិក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ហើយស្ថានភាពបែបនេះប្រហែលជាមិនផ្លាស់ប្តូរទេ។» លោក Qin បាននិយាយ នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន។ «យើងមានឆន្ទៈពង្រឹងការទំនាក់ទំនងជាមួយអាមេរិក រវាងនាយកដ្ឋានកិច្ចការបរទេស សេដ្ឋកិច្ចហិរញ្ញវត្ថុ ការអនុវត្តច្បាប់និងយោធា និងការបង្កើតយន្តការសន្ទនាឡើងវិញ។ នេះគឺដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីចេតនាគោលនយោបាយរបស់គ្នាឲ្យបានត្រឹមត្រូវ និងដោះស្រាយភាពខុសគ្នាតាមវិធីស្ថាបនា។» លោក Qin មានប្រសាសន៏បន្ត។
ចាប់តាំងពីការមកដល់ទីក្រុងវ៉ាស៊ីនតោន លោកQing បានសម្តែងនូវឥរិយាបថ រួសរាយរាក់ទាក់នៅក្នុង សេចក្តីថ្លែងការណ៍ជាសាធារណៈ និងនៅក្នុងព្រឹត្តិការណ៍នានាបន្ទាប់ពីការប្រឈមមុខដាក់គ្នា ជាច្រើនខែក្រោម ភាពតានតឹង។ ក៏មានការសន្ទនាតាមទូរស័ព្ទចំនួន ពីរដងផងដែររវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋលេខាធិការអាមេរិក លោក អាន់តូនី ប្លិកខេន ស្តីពីអាហ្វហ្គានីស្ថានចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលកាលពីខែមុន។ ទោះយ៉ាងណាក៏ដោយ ភាពតានតឹងបាននិងកំពុងបន្តនៅក្នុងវិស័យផ្សេងទៀតរួមទាំងការសើុបអង្គេត នៃប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។ ការស៊ើបអង្កេតរយៈពេល ៣ ខែដែលដឹកនាំដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ថាតើ វីរុសកូរ៉ូណាអាចចេញពីមន្ទីរពិសោធន៍ចិនបានទទួលការប្រឆាំង យ៉ាងខ្លាំងពីទីក្រុងប៉េកាំងដែល ក្រុងប៉េកាំងបាននិយាយ ថា ការសើុបអង្គេតនេះគឺក្រោមមូលហេតុនយោបាយ។