លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ឈ្នះបណ្ដឹងបរិហារកេរ្តិ៍ដោយទទួលប្រាក់សងជំងឺចិត្តចំនួន ២១ ម៉ឺនដុល្លារសិង្ហបុរី
សិង្ហបុរី៖ តុលាការកំពូលសិង្ហបុរី កាលពីថ្ងៃពុធ កាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី លី សៀនឡុង ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ពីរផ្សេងគ្នា ប្រឆាំងនឹងលោក Terry Xu និពន្ធនាយកគេហទំព័រសង្គមនយោបាយ The Online Citizen (TOC) និងអ្នកស្រី Rubaashini Shunmuganathan អ្នកសរសេរអត្ថបទឱ្យ TOC ដោយទទួលបានសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២១០ ០០០ ដុល្លារសិង្ហបុរី ។

កាលពីខែសីហាឆ្នាំ ២០១៩ TOC បានចេញផ្សាយអត្ថបទដែលសរសេរដោយលោកស្រី Rubaashini អំពីជម្លោះរបស់លោក Lee ជាមួយបងប្អូនរបស់លោក គឺវេជ្ជបណ្ឌិត Lee Wei Ling និងលោក Lee Hsien Yang ទាក់ទងនឹងទំនាស់មរតក ក្រោមចំណងជើងថា «ភរិយារបស់លោកនាយករដ្ឋមន្ត្រីលីលោកស្រី Ho Ching ចែករំលែកអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារយ៉ាងចំឡែក»។
ចៅក្រមលោក Audrey Lim រកឃើញអត្ថបទនេះថាជាការបរិហារកេរ្តិ៍ធ្ងន់ធ្ងរដោយប្រកាសថា៖ «ការបរិហារកេរ្តិ៍នេះ មិនគ្រាន់តែវាយប្រហារទៅលើសុចរិតភាព ចរិតលក្ខណៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សិទ្ធិអំណាច សីលធម៌ របស់លោកក្នុងការដឹកនាំសិង្ហបុរីទៀតផង»។
ក្នុងបណ្តឹងដំបូងប្រឆាំងនឹងលោក Xu លោកលី ត្រូវទទួលសំណងការខូចខាតទូទៅជាទឹកប្រាក់ចំនួន ១៦ ម៉ឺនដុល្លារសិង្ហបុរី និងសំណងលើការព្យាបាទដោយចេតនាចំនួន ៥ ម៉ឺនដុល្លារសិង្ហបុរី។ ក្នុងបណ្តឹងលើកទី ២ ប្រឆាំងនឹងលោកស្រី Rubaashini លោកត្រូវទទួលសំណងជាទឹកប្រាក់ចំនួន ១៦ ម៉ឺនដុល្លារសិង្ហបុរី ដែលជាចំនួនដូចគ្នានឹងបណ្តឹងលើកដំបូងប្រឆាំងនឹងលោក Xu ដែរ។
យ៉ាងណាមិញ ដោយសារតែលោក Xu និងអ្នកស្រី Rubaashini គួរទទួលខុសត្រូវរួមដូចដែលមានចែងក្នុងមាត្រាដូចគ្នា លោកចៅក្រម Lim ប្រកាសថា លោកនាយករដ្ឋមន្រ្តីនឹងមិនទទួលបានសំណងទ្វេរដងនោះទេ ដោយសម្រេចលើសំណងរួម ២១ ម៉ឺនដុល្លារសិង្ហបុរី។
ឆ្លើយតបនឹងសាលក្រមថ្មីៗ លោក Xu និយាយថា ខ្លួនកំពុងធ្វើការជាមួយមេធាវីដើម្បីសម្រេចថាតើជំហានបន្ទាប់នឹងទៅជាយ៉ាងណា ដូចជាការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមជាដើម។ លោកបន្ថែមថា លោកនិងមេធាវីមានការខកចិត្តយ៉ាងខ្លាំងចំពោះការកាត់ក្ដីនេះ។
ចាប់តាំងពីឆ្នាំ ២០១៧ មក លោកនាយករដ្ឋមន្រ្តីលីបានប្រឈមមុខនឹងវិវាទជាមួយបងប្អូនបង្កើតរបស់ខ្លួនគឺលោកវេជ្ជបណ្ឌិត Lee Wei Ling និងលោក Lee Hsien Yang ទាក់ទងនឹងជោគវាសនានៃគេហដ្ឋានប្រចាំគ្រួសារ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី និងជាស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូ ដែលត្រូវជាឪពុកបង្កើតបានស្លាប់កាលពីឆ្នាំ២០១៥ កន្លងទៅ។