សហភាពអឺរ៉ុប៖ នឹងមិនប្រញាប់ប្រញាល់ទទួលស្គាល់ក្រុមតាលីបង់ទេ

មន្ត្រី​សហភាព​អឺរ៉ុប​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​​នេះ​ ​ថា​សហភាព​អឺរ៉ុប​នឹង​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​តាលីបង់​ ប៉ុន្តែ​មិន​ប្រញាប់​ប្រញាល់​ទទួល​ស្គាល់​ក្រុម​នេះ​ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នោះទេ​។

នាយក​គ្រប់គ្រង​ប្រចាំតំបន់​​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​សេវា​សកម្មភាព​ខាងក្រៅ​អឺរ៉ុប​លោក​កានណា វីហ្គេន​បាន​និយាយ​ថា​ទំនាក់​ទំនង​ផ្លូវ​ការ​ជាមួយ​តាលីបង់​នឹង​កើត​មាន​ឡើង​លុះត្រា​តែ​ក្រុម​នេះ​បំពេញ​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន រួមមាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​មិន​រារាំង​សកម្មភាព​របស់​អង្គការ​ផ្ដល់​ជំនួយ​។

«យើង​ត្រូវ​ចូល​រួម​ជា​មួយ​តាលីបង់ យើង​ត្រូវ​ការ​ទំនាក់​ទំនង​ជា​មួយ​តាលីបង់​ យើង​ត្រូវ​ជិះ​ឥទ្ធិពល​លើ​តាលីបង់​ យើង​ត្រូវ​ការ​ប្រើ​អានុភាព​ដែល​យើង​មាន​» លោក​វីហ្គេន​បាន​និយាយ​បែប​នេះ​ទៅ​កាន់​សភា​អឺរ៉ុប​នៅ​ក្រុង​ប្រ៊ូសសែល ហើយ​បន្ត​ទៀត​ថា​៖ «ប៉ុន្តែ​យើង​នឹង​មិន​ប្រញាប់​ប្រញាល់​ក្នុង​ការ​ទទួល​ស្គាល់​ការ​បង្កើត​ថ្មី​នេះ ហើយ​ក៏​មិន​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ការ​ដែរ​»​។

លោក​វីហ្គេន​និយាយ​ថា​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ថា​តើ​តាលីបង់​អាច​ធ្វើ​អភិបាលកិច្ច​ដោយ​មាន​ប្រសិទ្ធភាព​ដែរ​ ឬ​ទេ​។ លោក​និយាយ​ថា​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប​ គឺ​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​រួម​បញ្ចូល​ និង​តំណាង​ឱ្យ​គ្រប់​ភាគី​។ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​ ក្រុម​តាលីបង់​នៅ​មិន​ទាន់​បាន​ប្រកាស​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ថ្មី ឬ​អំពី​របៀប​អភិបាល​កិច្ច​របស់​ពួកគេ​។

លោក​និយាយ​ថា​លក្ខខណ្ឌ​ដទៃ​សម្រាប់​ការ​ទទួល​ស្គាល់​នឹង​រួម​មាន​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​ដោយ​សេរី​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែន​ចង់​ចេញ​ពី​ប្រទេស ការ​ជៀសវាង​ធ្វើ​ការ​សងសឹក​ទៅ​លើ​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មហាអំណាច​បរទេស ឬ​អតីត​រដ្ឋាភិបាល និង​ការ​ការពារ​កុំ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​ជម្រក​ភេរវកម្ម​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner