សិស្សនៅរដ្ឋអារីហ្សូណាប្រឈមមុខការរាតត្បាតជំងឺកូវីដក្រោយសាលាលុបបំបាត់គោលការណ៍ពាក់ម៉ាស់
ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ក្រោយរដ្ឋអារីហ្សូណា អនុញ្ញាតឱ្យបើកសាលារៀនវិញ ដោយមិនបានគោរពទៅតាមសេចក្ដីណែនាំការពារកូវីដ និងលុបបំបាត់គោលការណ៍ពាក់ម៉ាស់ សិស្សានុសិស្ស និងគ្រូបង្រៀនរាប់ពាន់នាក់ ត្រូវធ្វើចត្តាឡីស័ក ក្រោយមានការរាតត្បាតជំងឺកូវីដនៅជុំវិញទីក្រុង Phoenix ក្នុងរដ្ឋនេះ។

សារព័ត៌មានញូយ៉កថែមស៍ បានឱ្យដឹងថាឥឡូវនេះជំងឺរាតត្បាតបានបង្កឱ្យមានភាពវឹកវរពេញរដ្ឋអារីហ្សូណា ដោយអាណាព្យាបាល បានបញ្ឆេះកំហឹងនយោបាយដល់រដ្ឋបាល ក្រោមការដឹកនាំអភិបាលរដ្ឋដោយលោក Doug Ducey និងមេដឹកនាំគណបក្សសាធារណរដ្ឋដទៃទៀត ដែលបានលុបបំបាត់គោលការណ៍ការពារកូវីដទាំងនេះ។ ភាពច្របូកច្របល់នេះ បានគូសបញ្ជាក់ពីការសម្រេចចិត្តដ៏គួរឱ្យភ័យខ្លាច ស្ដីអំពីការអនុវត្តតាមវិធានការសុវត្ថិភាពកូវីដ-១៩ និងសេរីភាពផ្ទាល់ខ្លួន។
លោក Ducey ជាអភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋ ត្រូវទទួលរងការរិះគន់ពីវិធានការប្រឆាំងនឹងម៉ាស់ ដែលអនុម័ត ដោយសភានីតិកាលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់អារីហ្សូណា កាលពីពេលថ្មីៗនេះ។លោកក៏បានបដិសេដផ្ដល់ប្រាក់រាប់លានដុល្លារពីកញ្ចប់ជួយសង្គ្រោះជំងឺរាតត្បាតសហព័ន្ធ ដល់សាលារៀនណា ដែលអនុម័តគោលការណ៍ពាក់ម៉ាស់ប្រឆាំងនឹងច្បាប់រដ្ឋចូលជាធរមាននៅចុងខែកញ្ញា។ លោក ក៏បានផ្តល់ប័ណ្ណ ដែលមានចំនួនទឹកប្រាក់ ៧.០០០ ដុល្លារដល់គ្រួសារណា ដែលចង់ចាកចេញពីសង្កាត់ណា ដែលតម្រូវឱ្យពាក់ម៉ាស់។ លោក បាននិយាយថា ការសម្រេចចិត្តក្នុងការពាក់ម៉ាស់ គឺជាជម្រើសរបស់អាណាព្យាបាល មិនមែនជាការសម្រេចចិត្តរបស់មន្រ្តីនៅក្នុងវិស័យអប់រំទេ។
លោក Ducey បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ ថា៖ «នៅអារីហ្សូណា យើងគឺជាអ្នកគាំទ្រការសម្រេចចិត្តរបស់ឳពុកម្ដាយ។ ខ្ញុំចង់ពួកគាត់សម្រេចចិត្ត លើអ្វី ដែលពួកគេគិតថាជារឿងត្រឹមត្រូវ»។
នៅជាយក្រុង Phoenix ក្រុមប្រឹក្សាសាលា បានកោះប្រជុំបន្ទាន់នៅខែ សីហា ដើម្បីសម្រេចថា តើសិស្ស និងបុគ្គលិកគួរតែត្រូវពាក់ម៉ាស់ ឬ យ៉ាងណា។ មន្រ្តីសាលា បាននិយាយថា ការរំលោភច្បាប់រដ្ឋ អាចរារាំងសង្កាត់នេះពីការទទួលបានប្រាក់ ១១ លានដុល្លារ ដើម្បីជួលបុគ្គលិក និងជួយសិស្ស ដែលត្រូវទទួលរងផលប៉ះពាល់ក្រោយ ពីការបិទសាលាអស់រយៈពេលយ៉ាងយូរ។
ការសម្រេចចិត្តតាមរយៈការបោះឆ្នោតថាតើត្រូវពាក់ម៉ាស់ ឬ អត់ ត្រូវទទួលបរាជ័យ ដោយការបោះឆ្នោតគាំទ្រឱ្យមិនមានការពាក់ម៉ាស់មាន ៣ សំឡេង និងការគាំទ្រឱ្យមានការពាក់ម៉ាស់ទទួលបាន ២ សំឡេង។
យ៉ាងណាមិញ អាណាព្យាបាល ដែលគាំទ្រគោលការណ៍ពាក់ម៉ាស់ បានអស់សង្ឃឹមចំពោះ ក្រុមប្រឹក្សាភិបាល ទាំងនេះ ហើយបាននិយាយថា «ក្រុមនេះបានដាក់លុយនៅនឹងមុខ សំខាន់ជាងសុខភាពកូនៗ របស់ពួកគេទៀត»។
អ្នកស្រី Sandy Kirby ដែលជាអាណាព្យាល និងគិលានុបដ្ឋយិកាម្នាក់ បាននិយាយថា៖ «ពួកគេមិនបានការពារកូនៗរបស់យើងទេ»។ ប៉ុន្តែ អ្នកស្រី Kelli Wilson ជាអ្នកគាំទ្រលោក Donald Trump និងមានកូនប្រុសអាយុ ១៣ ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំង ហើយមិនពាក់ម៉ាស់ទៅសាលារៀន បាននិយាយថា អ្វី ដែលរដ្ឋនេះ បានសម្រេចជាអ្វី ដែលត្រឹមត្រូវ។
ក្រុមអ្នកនៅក្នុងវិស័យអប់រំ បានប្តឹងឱ្យលុបចោលបម្រាម មិនឱ្យពាក់ម៉ាស់ ហើយសាលារៀនក្នុងសង្កាត់ជាង ១២ នៅទូទាំងរដ្ឋអារីហ្សូណា បានអនុវត្តគោលការណ៍ពាក់ម៉ាស់ បើទោះបីជា មានការហាមឃាត់មិនឱ្យពាក់ក៏ដោយ។ រដ្ឋបាល លោក Joe Biden បានព្រមានអភិបាល ដូចជាលោក Docey និងលោក Ron DeSantis នៃរដ្ឋផ្លរីដាថា មិនត្រូវរាំងកញ្ចប់ថវិកាសហព័ន្ធពីសាលារៀន ដែលអនុវត្តគោលការណ៍ពាក់ម៉ាស់ឡើយ។
មន្ទីរពេទ្យ ដែលមានអ្នកជំងឺជាមធ្យមប្រមាណ ៥២០ នាក់កាលពីដើមខែ កក្កដា ឥឡូវនេះបានហក់ឡើងប្រហែល ២.០០០ នាក់ ហើយទាំងអាណាព្យាបាល សហជីពគ្រូបង្រៀន និងមន្រ្តីសុខាភិបាលសាធារណៈជាច្រើន បាននិយាយថា សកម្មភាពរបស់លោក Docey បានដាក់ទណ្ឌកម្មសាលារៀន ដែលធ្វើតាមការណែនាំវិទ្យាសាស្ត្រ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)ក៏បានណែនាំជារឿយៗឱ្យគោរពតាមគោលការណ៍ពាក់ម៉ាស់សម្រាប់សិស្សនិស្សិត និងអ្នកនៅក្នុងសាលារៀនទាំងអស់។ លោក Jann-Michael Greenburg ប្រធានក្រុមប្រឹក្សាភិបាលនៃសាលា Scottsdale Unified School District បាននិយាយថា៖ «ការដាក់កំហិតនេះ បានធ្វើដាក់ជីវិតមនុស្សនៅក្នុងហានិភ័យ។ ខ្ញុំកំពុងតែឆ្ងល់ថា តើយើងនឹងឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺនេះទេ? បើរដ្ឋាភិបាល បញ្ចេញឥរិយាបថបែបនេះ»។