ហ្វីលីពីនរកឃើញករណីវិជ្ជមានកូវីដ២លានករណី ខណៈផ្ទុះការតវ៉ាពីសំណាក់បុគ្គលិកសុខាភិបាល

ចូល​ខែ​កញ្ញា​ភ្លាម​ ហ្វីលីពីន​កត់ត្រា​ករណី​វិជ្ជមាន​សរុប​ច្រើន​ជាង ២លាន​ករណី (តួលេខ​ពិត​ប្រាកដ​គឺ ២០០៣ ៩៥៥ករណី) ដោយ​ទិន្នន័យ​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​មាន​ចំនួន ១៤ ២១៦ករណី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល​ហ្វីលីពីន។ ខាង​ក្រសួង​ក៏​បាន​បន្ថែម​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក​វេជ្ជបណ្ឌិត Rabindra Abeyasinghe បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ហ្វីលីពីន​ បណ្ដាល​មក​ពី​ការ​វាយលុក​នៃ​វ៉ារ្យង់​ដែលតា។ លោក​អះអាង​ដោយ​ផ្អែក​លើ​បំបែក​ហ្សែន​វីរុស​ថា ៧០% នៃ​ករណី​ថ្មីៗ​នេះ​បណ្ដាល​មក​ពី​វីរុស​ដែលតា។

នៅ​រដ្ឋធានី​ម៉ានីល និង​បណ្ដា​ខេត្ត​នៅ​ក្បែរ​ៗ​នេះ កំពុង​តែ​ជាប់​ក្នុង​ការ​បិទខ្ទប់ ដែល​នឹង​មាន​សុពលភាព​រហូត​ដល់​សប្ដាហ៍​ក្រោយ។ ជាមួយ​នឹង​ស្ថានភាព​នេះ លោក​តំណាង WHO បាន​ឱ្យ​ការ​បិទ​ខ្ទប់​នេះ​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង និង​បន្ធូរ​បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​ហ្វីលីពីន​។

ខណៈ​ករណី​ចេះ​តែ​កើន​ឡើង គេ​ក៏​សង្កេត​ឃើញ​ថា ក្រុម​បុគ្គលិក​សុខាភិបាល​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​ក្បែរ​ក្រសួង​សុខាភិបាល​ហ្វីលីពីន ដោយ​ពាក់​ម៉ាស និង​មួយ​ចំនួន​ទៀត​ពាក់​អាវ​សុវត្ថិភាព ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​បង់​ថ្លៃ​ឈ្នួល​ចំពោះ​ភាព​គ្រោះថ្នាក់​ និង​ហានិភ័យ ហើយ​ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Francisco Duque ចុះ​ចេញ​ពី​តំណែង​ទៀត​ផង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner