កាកបាទក្រហមកម្ពុជាប្រគល់ម៉ាស់ រួមជាមួយសម្ភារៈអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ បានប្រគល់ម៉ាស់ រួមជាមួយសម្ភារៈអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពីវិជ្ជាសង្គ្រោះបឋម និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញជូនសាខាទាំងអស់ពីអត្ថន័យខ្លឹមសារនៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner