លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីជប៉ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានប្រកាសនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយប្រភពពីគណបក្សរបស់លោកបានបញ្ជាក់ដែរថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានេះទេ។
លោក ស៊ូហ្គា ដែលឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន បន្ទាប់ពីលោក ស៊ិនហ្សូ អាបេ បានលាលែងពីតំណែងកាលពីខែកញ្ញា ឆ្នាំមុន ដោយសារបញ្ហាសុខភាពនោះ បានប្រកាសខាងលើនេះក្រោយការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះមកនៅក្រោម៣០%។ បញ្ហាធំបំផុតដែលធ្វើឲ្យប្រជាប្រិយភាពលោក ស៊ូហ្គា ធ្លាក់ចុះនោះ គឺការដោះស្រាយវិបត្តិកូវីដ១៩មិនមានប្រសិទ្ធភាព។ អគ្គលេខាធិការនៃបក្សកាន់អំណាចនៅជប៉ុន (LDP) លោក តូស៊ីហ៊ីរ៉ូ នីកៃ បាននិយាយថា ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ប៉ុន្តែខ្ញុំជឿជាក់ថា នេះជាការសម្រេចចិត្តដែលលោកនាយករដ្ឋមន្ត្រីត្រូវតែធ្វើ បន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្ន ហើយយើងទាំងអស់គ្នាក៏បានទទួលយកការសម្រេចចិត្តនេះរួចហើយដែរ។
ទោះជាយ៉ាងណាពេលវេលាជាក់លាក់នៃការលាលែងតំណែងរបស់លោក ស៊ូហ្គា គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាការបើកផ្លូវអោយគណបក្ស LDP ស្តារមុខមាត់ឡើងវិញ ចំពោះមុខការបោះឆ្នោតសកលដែលជិតនឹងមកដល់៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner