ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតមួយ នៅខេត្តស្ទឹងត្រែង គ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០២២ ខាងមុខនេះ

ខេត្តស្ទឹងត្រែង ៖ ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតមួយ ដែលបានសាងសង់ឡើងនៅក្រុងស្ទឹងត្រែង ក្រោមជំនួយហិរញ្ញប្បទាន ឥណទាន សម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) គ្រោនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាដើមឆ្នាំ២០២២ ខាងមុខនេះ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ ក្នុងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ទាប់ នោះមក ។

ដើម្បីពន្លឿនលើការស្ថាបនា អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន កាលពីថ្ងៃទី២កញ្ញាឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដ្ឋាន និងដំណើរការសាងសង់ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាត ដែលជាហិរញ្ញប្បទាន ឥណទាន សម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានសាងសង់ឡើង នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថា យោងតាមផែនការ ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតនេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ។ បច្ចុប្បន្ន ស្ថានីយ៍បូមទឹកសម្រេចបានលើការស្ថាបនា ១០០ភាគរយ ,អគាររោងចក្រផលិតទឹកស្អាត សម្រេចបាន ៩៥ភាគរយ និងការរៀបចំណ្តាញទឹកស្អាតបាន ៨០ភាគរយ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ទៀតថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងទាំងមូល និងស្រុកចំនួនពីរទៀត គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ក៏នឹត្រូវតភ្ជាប់បណ្តាញទឹកស្អាតនេះ ផងដែរ ក្នុងគោលបំណង សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរខេត្ត អង្គភាពទឹកស្អាតសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍមកពីធនាគារ(ADB) ក៏ដូចជា ធនាគារពិភពលោក (WB) ពិសេស ក្រោមការជួយគាំទ្រពី លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍលើវិស័យទឹកស្អាតនេះឡើង ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner