ទីភ្នាក់ងារ KOICA ផ្តល់ជំនួយជិត៨លានដុល្លារដល់កម្ពុជា (Video Inside)
ទីភ្នាក់ងារ KOICA របស់កូរ៉េខាងត្បូង បានផ្តល់ជំនួយឥតសំណងជិត៨លានដុល្លារលើការកសាងសំណង់ នៃវិស័យអប់រំផង និងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ ការផ្តល់ជំនួយទាំងនេះគឺរួមមាន៣លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថវិកាមួយ ចំណែកទៀតគឺការជួយលើវិស័យឧស្សាហកម្ម។
ពិធីបើកការដ្ឋានសំណង់នៃមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣ ខែកញ្ញា ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន និងមានការអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូត កូរេខាង ត្បូង ផាក ហ៊ឹងគ្យុង។ លោករ៉ូ យុនជុន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ KOICA និង សាកលវិទ្យាធិការភូមិន្ទភ្នំពេញ បណ្ឌិត ជេត ជាលី ក៏មានវត្តមានក្នុងឳកាសនោះផងដែរ។
សំណង់អគារ តម្លៃ៣លានដុល្លារនេះ ត្រូវគេចាត់ទុកថា គឺជាជំនួយនៃការបង្កើតប្រព័ន្ធបណ្តុះបណ្តាលធុរកិច្ចសម្រាប់កម្ពុជា របស់សាធារណរដ្ឋកូរ៉េ និងសំណង់នេះរំពឹងការសាងសង់រួចនៅឆ្នាំ២០២៣។ សំណង់អគារនេះផងដែរ នឹងមាន កម្ពស់៣ជាន់សាងសង់លើផ្ទៃដី ២ពាន់២០០ម៉ែត្រក្រឡា។