អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលនូវទីតាំងថ្មីដែលកំពុងដំណើរការសាងសង់នូវមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដចំនួន០២កន្លែង ស្ថិតក្នុងស្រុកសំពៅលូន
ទីតាំងថ្មីចំនួន ០២កន្លែង ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងតែដំណើរការក្នុងការសាងសង់ ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 និងជាមណ្ឌលចត្តាឡីស័ក សម្រាប់ធ្វើការផ្ទេរនិងផ្លាស់ប្តូរអ្នកជំងឺកូវីដនិងអ្នកធ្វើចត្តាឡីស័ក នៅតាមទីតាំងសាលារៀននានាកន្លងមក ដើម្បីធ្វើការផ្ទេរយកមកព្យាបាល និង ធ្វើចត្តាឡីស័កនៅទីតាំងថ្មីនេះក្រោយពីការរៀបចំសាងសង់រួចរាល់និងក្នុងខណៈពេលដែលក្រុមជាងវិស្វកម្ម របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធានអនុគណៈកម្មការសាងសង់និងជួសជុល នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ និងកូវីដ-19 ហើយដែលកំពុងតែមមាញឹកក្នុងការសាងសង់ ឲ្យបានឆាប់រួចរាល់។
ទីតាំងថ្មីនៃមណ្ឌលព្យាបាលកូវីដ-19 ដែល កំពុងតែសាងសង់នេះ មួយកន្លែងស្ថិតនៅក្នុងបរិវេណអតីត”រោងម៉ាស៊ីនកែច្នៃ-អង្ករ” នៅចំណុចអូរត្រាវជូ ក្នុងភូមិសាស្ត្រ ភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ដែលអាចរៀបចំដាក់អ្នកជំងឺ ឲ្យសម្រាកព្យាបាល សរុបចំនួន ២.៥០០គ្រែ និងទីតាំងមណ្ឌលចត្តាឡីស័កមួយកន្លែងទៀត ស្ថិតនៅក្នុងបរិវេណអតីត “រោងចក្រម្សៅមី” ក្នុងភូមិសាស្ត្រគីឡូលេខ៩ នៅក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដោយនៅទីតាំងនោះអាច រៀបចំដាក់ធ្វើចត្តាឡីស័ក សរុបប្រមាណជា ៣.០០០នាក់ ។
នេះបើតាមការអះអាងនិងគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ នៃ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ខែកញ្ញញាឆ្នាំ២០២១នេះ។ ក្នុងខណៈពេលដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិមួយក្រុមដែលជាថ្នាក់ដឹកនាំបណ្តាមន្ទីរជំនាញជុំវិញខេត្ត ចុះសាកសួរទុក្ខ និង ពាំនាំយកទៅជាមួយនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាក្រុមជាងនិងកំពុងតែមមាញឹកក្នុងការសាងសាង់ នៅទីតាំងទាំង២ ខាងលើនេះ។
តាមរយៈ នៃដំណើរចុះពិនិត្យមើល នូវទីតាំងទាំង២ខាងលើ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តនិងប្រតិភូ គឺផ្តោតសំខាន់ក្នុងការចុះពិនិត្យមើលពីការរៀបចំមណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័កថ្មីនៅទីនោះដែលជាទីតាំងជំនួសនូវអគារសិក្សា ក្នុងស្រុកសំពៅលូន កន្លងមក ដើម្បីត្រៀមធ្វើការបើកសាលារៀនឡើងវិញនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ព្រមជាមួយគ្នានៅក្នុងឱកាសនាំយកនូវគ្រឿងឧបភោគ-បរិភោគភេសជ្ជៈ និងម៉ាស់មួយចំនួន ដើម្បីផ្តល់ជាកម្លាំងចិត្ត ដល់ក្រុមជាងសាងសង់នៅទីនោះ ថែមទាំងធ្វើការលើកទឹកចិត្តនិងបានជំរុញដល់ក្រុមជាងដែលកំពុងតែសាងសង់មណ្ឌលទាំង២ទីតាំងនេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំណូមពរដល់មេការជាងសូមបន្តយកចិត្តទុកដាក់ ក្នុងការសាងសង់ ឱ្យបានលឿនទៅតាមស្តង់ដារបច្ចេកទេស ដែលឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានកំណត់ដើម្បីឆាប់បានធ្វើការផ្ទេរផ្លាស់អ្នកជំងឺកូវីដ-19 និង អ្នកដែលកំពុងតែធ្វើចត្តាឡីស័ក នៅតាមអគារសិក្សាមួយចំនួននៅតាមសាលានានា ដើម្បីផ្ទេរមកដាក់នៅក្នុងមណ្ឌលថ្មីទាំង០២ នេះ។
សូមបញ្ជាក់ថាថ្មីៗកន្លងទៅនេះ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងពីការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាកន្លងទៅនេះ។ និងក្រោយពីមានកិច្ចប្រជុំរបស់រដ្ឋបាលខេត្តជាមួយនិងមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកន្លងនេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងបើកឲ្យដំណើរការសាលារៀនឡើងវិញ ក្នុងកម្រិតសាកល្បង ក្នុងនោះគឺ៖ សិស្សថ្នាក់ទី៦,ទី៩ និងទី១២ហើយដែលត្រូវកំណត់ចូលរៀន នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១ខាងមុខឆាប់ៗនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )