ចិនសន្យាបរិច្ចាគវ៉ាក់សាំង៣លានដូសទៀត ជូនវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាម Phạm Bình Minh និង លោក វ៉ាង អ៊ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបប្រជុំគ្នា កាលពីថ្ងៃសុក្រទី១០ កញ្ញា ពិភាក្សាអំពីកិច្ចការសំខាន់ៗ លើវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនានា និង ជំនួយវ៉ាក់សាំងកូវីដ១៩ នាទីក្រុងហាណូយ ខណៈលោកវ៉ាង អ៊ី បំពេញទស្សនកិច្ច នៅវៀតណាម។
ទីភ្នាក់ងាររដ្ឋវៀតណាមបានចេញផ្សាយថា ភាគីចិនបានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំង៣លានដូសបន្ថែមទៀត ជូនវៀតណាម នាំឲ្យជំនួយចិនជូនវៀតណាមកើនដល់ ៥.៧លានដូសហើយ។
ទីភ្នាក់ងារព័ត៌មាន vietnamnews បានអះអាងទៀតថា ភាគីទាំងពីរក៏បានព្រមព្រៀងពង្រឹងដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រីកទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារជាតិ សន្តិសុខ និងកិច្ចការងាររួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលរួមទាំងវ៉ាក់សាំងនេះ៕