ប្រធានាធិបតីចិនហៅវីរុសកូរ៉ូណាថ្មីជាបិសាច និងសន្យាមិនអនុញ្ញាតឱ្យបិសាចមួយនេះបន្តលាក់ខ្លួន
ចិន៖ នៅក្នុងជំនួបជាមួយនាយកអង្គការសុខភាពពិភេពលោក WHO ក្នុងរដ្ឋធានី ប៉េកាំង នៅថ្ងៃទី២៨ ខែមករានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានហៅមេរោគកូរ៉ូណាថ្មីជាបិសាច ហើយថែមទាំងសន្យាថា ចិនមិនលាក់ព័ត៌មាន និង មិនអនុញ្ញាតឲ្យបិសាចមួយនេះបន្តលាក់ខ្លួនឡើយ ។
បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិនរួចមក នាយកអង្គការសុខភាពពិភេពលោក WHO លោក Tedros Adhanom Ghebreyesus ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងបានបង្ហាញពីទំនុកចិត្តយ៉ាងពេញទំហឹងលើសមត្ថភាពរបស់ចិន ក្នុងការទប់ស្កាត់ និង គ្រប់គ្រងវីរុសកូរ៉ូណាថ្មី ដែលកំពុងរីករាលដាលនៅតាមបណ្តាប្រទេសជាច្រើន ។
នាឱកាសនោះដែរ នាយកអង្គការសុខភាពពិភពលោករូបនេះ បានអះអាងដែរថា អង្គការ WHO មិនបានផ្តល់អនុសាសន៍ឱ្យមានការជម្លៀសប្រជាជននោះទេ ផ្ទុយទៅវិញ មានតែអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តរក្សាភាពអត់ធ្មត់ និង កុំបញ្ចេញប្រតិកម្មហួសហេតុ ៕ធ.ដ