ជនភៀសខ្លួននៅអូស្ត្រាលី ភ័យខ្លាចឆ្លងកូវីដនៅមណ្ឌលអន្តោប្រវេសន៍
ក្រុមអ្នកឃោសនានៅអូស្រ្តាលី កំពុងជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលអន្តោប្រវេសន៍ បន្ទាប់ពីរកឃើញករណីកូវីដយ៉ាងហោច ១ ករណីនៅក្នុងមណ្ឌលមួយនៅមែលប៊ន។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera។

ទីក្រុងមែលប៊ន ដែលជាទីក្រុងធំទី ២ របស់អូស្រ្តាលី បច្ចុប្បន្នកំពុងត្រូវបានគេបិទខ្ទប់ជាលើកទី ៦ ហើយ ក្រោយមានការផ្ទុះឡើងនៃមេរោគឆ្លង ដែលបណ្តាលមកពីវ៉ារ៉្យង់ដែលតា ដោយកាលពីថ្ងៃ សៅរ៍ កន្លងទៅ រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ៤៥០ ករណី។ ដោយឡែក រដ្ឋធានីមែលប៊ន និងតំបន់ជុំវិញ បានរកឃើញករណីយ៉ាងហោចណាស់ ២៩៩ ករណី ក្នុងចំណោម ៣៣៤ ដែលរកឃើញសរុបកាលពីថ្ងសុក្រ។
អ្នកធ្វើយុទ្ធនាការ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន បានប្រាប់សារព័ត៌មាន Al Jazeera ថា ឆ្មាំយ៉ាងហោចណាស់ ២ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ហើយមនុស្សរាប់សិបនាក់ទៀតត្រូវបានគេសន្មត់ថា ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
ទោះយ៉ាងណា កងកម្លាំងព្រំដែនអូស្ត្រាលី (ABF) និយាយថា មានតែបុគ្គលិកម្នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានជំងឺនេះ។ កងកម្លាំង ABF បានប្រាប់សារព័ត៌មានដដែលថា៖ « បុគ្គលនេះ គឺជាអ្នកផ្តល់សេវាកម្មកិច្ចសន្យានៅឯកន្លែងស្នាក់នៅអន្តោប្រវេសន៍មែលប៊ន (MITA) ហើយបុគ្គលនេះមិនមានតួរនាទីអ្វីត្រូវទំនាក់ទំនងជាមួយអ្នកជាប់ឃុំនៅក្នុងមណ្ឌលឡើយ»។

អ្នកជាប់ឃុំឃាំងកន្លែងស្នាក់នៅ MITA ម្នាក់ បាននិយាយប្រាប់សារព័ត៌មានខាងលើក្នុងលក្ខខណ្ឌអនាមិកថា ខ្លួនមានការភ័យខ្លាច ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន ដោយសារមនុស្សរហូតដល់ ៥ នាក់ កំពុងរស់នៅជាមួយគ្នានៅក្នុងបន្ទប់ខ្លះនៅក្នុងកន្លែង ដែលត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នា។
យូនីតនៅក្នុងមណ្ឌល BRP ដែលមានបន្ទប់គេងរហូតដល់ ៤ ដែលភ្ជាប់ទៅនឹងផ្ទះបាយតូចមួយ មានទំហំធំទូលាយគួរសម។ ផ្ទុយទៅវិញ បន្ទប់នៅ Avon ដែលជាបរិវេណមួយផ្សេងទៀតក្នុងមណ្ឌល មានមនុស្សស្នាក់នៅរហូតដល់ ៦ នាក់នៅលើគ្រែពីរជាន់ ក្នុងមួយយូនីត។
ប្រភពដដែល បាននិយាយថា បើទោះជា កងកម្លាំង ABF បានផ្តល់ម៉ាស់ និងឧបករណ៍សម្អាតដល់អ្នកជាប់ឃុំក៏ដោយ ប៉ុន្តែគេមិនឃើញមានការអនុវត្តការធ្វើតេស្តរកមេរោគត្រឹមត្រូវនោះទេ។អ្នកជាប់ឃុំឃាំងរូបនេះ បាននិយាយថា៖ «ពួកគេមិនធ្វើតេស្តរកមេរោគកូវីដទេ លុះត្រាតែយើងមានរោគសញ្ញា។ នេះមានន័យថា ពួកគេពិតជាមិនដឹងថា តើវារីករាលដាល ឬ យ៉ាងណានោះទេ លុះត្រាមានមនុស្សឈឺច្រើន។ វាអាចរីករាលដាលលឿន ដោយសារឆ្មាំត្រូវចល័តគ្រប់កន្លែង»។
កងកម្លាំង ABF បាននិយាយថា សុខភាព និងសុវត្ថិភាពរបស់អ្នកជាប់ឃុំ និងបុគ្គលិកគឺជាអាទិភាពរបស់ខ្លួន ហើយវាបានធ្វើការជាមួយនាយកដ្ឋានសុខាភិបាលរដ្ឋស្តីពីវិធានការការពារកូវីដ-១៩ យ៉ាងដិតដល់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមកម្ល៉េះ។
កងកម្លាំង ABF បាននិយាយថា៖ « វាមិនពិតទេ ដែលវិធានការការពារការឆ្លងមេរោគមានភាពធូររលុង ឬ អនុវត្តតិចតួចបំផុតនៅក្នុងកន្លែងឃុំឃាំងអន្តោប្រវេសន៍»។
គួរបញ្ជាក់ផងដែរថា ពន្ធនាគារ និងមណ្ឌលឃុំឃាំងនៅជុំវិញពិភពលោក បានក្លាយជាកន្លែងល្បីល្បាញសម្រាប់ការឆ្លងមេរោគកូវីដ-១៩ ដោយប្រទេសខ្លះ បានដោះលែងអ្នក ដែលជាប់ឃុំខ្លះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។
ជាមួយគ្នានេះ គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) បានពណ៌នាកូវីដ-១៩ ថា «ជា ការគំរាមកំហែងធ្ងន់ធ្ងរ» សម្រាប់មនុស្សចំនួន ១.៤៩២ នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងបណ្តាញឃុំឃាំងអន្តោប្រវេសន៍របស់អូស្ត្រាលី។
យ៉ាងណាមិញ មនុស្សចំនួន ២៣៩ នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងមណ្ឌល MITA ក្នុងអ្វី ដែលអ្នកធ្វើយុទ្ធនាការបានពិពណ៌នាថាជាលក្ខខណ្ឌ «ហ្វូងមនុស្សកកកុញ»។ គណកម្មការ AHRC បានបន្ថែមថា អ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន ដែលរស់នៅទីនោះ សុទ្ធត្រូវប្រឈមនឹងបញ្ហាសុខភាព។
ប្រភពមួយនៅឯមជ្ឈមណ្ឌលនេះ បានប្រាប់សារព័ត៌មានដដែលថា មានតែមនុស្សជាងពាក់កណ្តាលប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងដូសទី ១ នៅក្នុងមណ្ឌលនេះ កាលពីសប្តាហ៍មុន។
លោក Sadaf Ismail អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិសិទ្ធិឃុំឃាំងនៅមជ្ឈមណ្ឌលធនធាន Asylum Seeker បាននិយាយថា អ្នកស្វែងរកសិទ្ធិជ្រកកោនគួរតែត្រូវ បានដោះលែងជាបន្ទាន់ ព្រោះការរក្សាគម្លាតសង្គមនៅក្នុងមណ្ឌលនេះពិបាកអនុវត្តណាស់។