បុរសម្នាក់ជិះម៉ូតូលឿនពេក ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តពីក្រោយ ពេញទំហឹង បណ្ដាលឲ្យបោកក្បាល ស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៧ នឹង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចនឹងភូមិសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ ភេទប្រុស នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកDAEWOO NOVUS ក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9071បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1J-8158 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅស្របគ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញគូទរយន្តពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនិងថ្នល់បែកហូរឈាមស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តរួមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា


