យន្តហោះពិសេសអាមេរិកចាកចេញពីទីក្រុងអ៊ូហាន ប្រទេសចិនហើយ ជាមួយ ពលរដ្ឋ និងមន្រ្តីទូតរបស់ខ្លួន

សហរដ្ឋអាមេរិក៖ មន្រ្តីក្រសួងការបរទេសអាមេរិកបានប្រាប់សារព័ត៌មាន The Associated Press ថា យន្តហោះពិសេសមួយគ្រឿងដែលបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីមកទទួលយកជនជាតិអាមេរិកនៅក្នុងទីក្រុងអ៊ូហាន នោះ បាន ចាកចេញពីទឹកដីចិនហើយ និងកំពុងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមពលរដ្ឋ និងមន្រ្តីទូតអាមេរិក ។

បើតាមសារព័ត៌មានចិន CGTN យន្តហោះមួយគ្រឿងរបស់អាមេរិកខាងលើនេះ បានចាកចេញពីទីក្រុងអ៊ូហាន នៅពេលព្រឹកព្រលឹមថ្ងៃពុធទី២៩ ខែមករានេះ (ម៉ោងក្នុងប្រទេសចិន) ។ ហើយបើតាមការគ្រោងទុកនោះ យន្តហោះជម្លៀសពលរដ្ឋ និងមន្រ្តីទូតអាមេរិកនេះ គ្រោងនឹងហោះហើរទៅកាន់ទីក្រុង Ontario រដ្ឋ California សហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះបន្តកើនឡើងដល់១៣២នាក់ និងប្រមាណ៦.០០០នាក់ផ្សេងទៀតបានឆ្លង ។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖ ១៖ប្រទេសចិន ឆ្លង៥.៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់ ២៖ ថៃ១៤ករណី ៣៖ ទីក្រុងហុងកុង ០៨ករណី ៤៖ កោះតៃវ៉ាន់ ០៨ករណី ៥៖ ជប៉ុន០៧ករណី ៦៖ ទីក្រុងម៉ាកាវ ០៧ករណី ៧៖ ម៉ាឡេស៊ី ០៧ករណី ៨៖ សិង្ហបុរី ០៧ករណី ៩៖ អូស្ត្រាលី ០៥ករណី ១០៖ សហរដ្ឋអាមេរិក ០៥ករណី ១១៖ បារាំង ០៤ករណី ១២៖ កូរ៉េខាងត្បូង ០៤ករណី ១៣៖ កាណាដា ០៣ករណី ១៤៖ វៀតណាម ០២ករណី ១៥៖ កម្ពុជា ០១ករណី ១៦៖ អាល្លឺម៉ង់ ០១ករណី ១៧៖ នេប៉ាល់ ០១ករណី និង១៨៖ ស្រីលង្កា ០១ករណី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner