អភិបាលរាជធានីភ្នំពេញ នឹងចុះសួរសុខទុក្ខកងយោធពលខេមរៈភូមិន្ទដែលឈរជើងការពារនៅខ្សែរក្រវ៉ាត់ព្រំដែន
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកសី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាព ជុំវិញសាលារាជធានីភ្នំពេញ មេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំ អន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរ ជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុង ស្មារតីចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានី ភ្នំពេញ សូមអំពាវនាវ ឯកឧត្តម អ្នកឧកញ៉ លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពទាំងអស់ មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារ កងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
ទោះបីក្នុងកាលៈទេសៈ ព្រះរាជាណាចក្រកម្ពុជាយើង កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ ៦ ០១២ ៤២៥ ៩៨៩។
