អង្គការអន្តរជាតិការពារសត្វព្រៃ WWF ស្វាគមន៍ការសម្រេចរបស់រដ្ឋាភិបាលចិនក្នុងការហាមឃាត់ការជួញដូរសត្វព្រៃ

បរទេស៖ អង្គការអន្តរជាតិការពារសត្វព្រៃ WWF នៅថ្ងៃទី២៨ ខែមករានេះ បានស្វាគមន៍ និងកោតសរសើរចំពោះរដ្ឋាភិបាលចិន ដែលបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃ បន្ទាប់ពីមានការផ្ទុះមេរោគជំងឺរលាកសួតថ្មីមួយដែលមានឈ្មោះថា កូរ៉ូណាវីរុស (2019-nCoV) ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិការពារសត្វព្រៃបានបញ្ជាក់យ៉ាងដូច្នេះថា យើងស្វាគមន៍ការប្រកាសដោយរដ្ឋបាលជាតិដើម្បីការពារព្រៃឈើរបស់រដ្ឋាភិបាលចិន NFGA និង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសចិន ដើម្បីអនុវត្តការហាមឃាត់តឹងតែងមួយទៅលើការជួញដូរសត្វព្រៃហើយនិងពិនិត្យទៅលើការអនុញ្ញាតការបង្កាត់ពូជសត្វព្រៃ និងការប្រើប្រាស់សត្វព្រៃ ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា ការសម្រេចរបស់រដ្ឋាភិបាលចិនទៅលើការហាមឃាត់ការជួញដូរសត្វព្រៃជាបណ្តោះអាសន្ន បានបង្ហាញអំពីតម្រូវការនៃការយល់ដឹងឲ្យកាន់តែខ្លាំងទៀតពីសាធារណៈអំពីការគំរាមកំហែងនានា ទៅលើមិនត្រឹមតែសុខភាពមនុស្សដែលបង្កដោយការជួញដូរសត្វព្រៃខុសច្បាប់ ឬ មិនមានការអនុញ្ញាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប៉ះពាល់ទៅលើចំនួនសត្វព្រៃនិងជីវចម្រុះផងដែរ ។

សូមបញ្ជាក់ថា វីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនេះ ត្រូវបានគេរាយការណ៍ថា មានប្រភពពីផ្សារលក់សត្វព្រៃមួយក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ហើយបន្ទាប់ពីមានការផ្ទុះមេរោគរលាកសួតថ្មីនេះ រដ្ឋាភិបាលចិនបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃតែម្តង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner