លេខាធិការសុខាភិបាលអង់គ្លេសនិយាយថា ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងត្រូវលុបចោល
លេខាធិការសុខាភិបាលអង់គ្លេសលោក Sajid Javid និយាយកាលពីថ្ងៃអាទិត្យថា ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗនៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ នឹងមិនបន្តទៅមុនទៀតទេ។

លោក Javid និយាយថា៖ «ខ្ញុំរីករាយដោយប្រកាសថា យើងនឹងមិនបន្តទៅមុខជាមួយផែនការលិខិតបញ្ជាក់ការវ៉ាក់សាំងនោះទេ»។ លេខាធិការសុខាភិបាលរូបនេះប្រាប់សារព័ត៌មាន BBC ថា៖«និយាយដោយត្រង់ទៅ មនុស្សភាគច្រើនប្រហែលជាមិនចូលចិត្តគំនិតនេះទេ។ ខ្ញុំក៏មិនដែលចូលចិត្តគំនិតដែលតម្រូវឱ្យមនុស្សគ្រប់គ្នាត្រូវតែបង្ហាញក្រដាសស្នាមគ្រាន់តែជាសកម្មភាពប្រចាំថ្ងៃនោះទេ»។ យ៉ាងណាមិញ លោកថា គំនិតនេះនៅតែត្រូវរក្សាទុក «ជាទុនបំរុង»។
ក្រោមគ្រោងការណ៍ ពលរដ្ឋនឹងត្រូវបង្ហាញភស្តុតាងថាខ្លួន បានទទួលវ៉ាក់សាំងពេញលេញចំនួនពីរដូស ធ្វើតេស្ត អវិជ្ជមានកូវីដ-១៩ ឬបញ្ចប់ការធ្វើចត្តាឡីស័ក ដើម្បីអាចចូលក្លឹបរាត្រី ឬព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនកុះករផ្សេងៗទៀត។
សមាគមដែលធ្វើការពាក់ព័ន្ធការកំសាន្តរាត្រីព្រមានថា ផែនការនេះអាចធ្វើឱ្យវិស័យនេះធ្លាក់ចុះ ហើយក្លឹបរាត្រីនឹងប្រឈមករណីរើសអើង។ ចាប់តាំងពីពេលនោះមក ស្ថាប័ននេះអំពាវនាវឱ្យលុបចោលនូវវិធានការចេញ ដោយនិយាយថា ខ្លួនសង្ឃឹមថាអាជីវកម្មអាចធ្វើផែនការដោយភាពប្រាកដប្រជា និងទទួលទំនុកចិត្តពីអតិថិជនឡើងវិញ។ អង្គភាព The Music Venue Trust ក៏ស្នើសុំដូចគ្នាដោយហៅ វិធានការលិខិតបញ្ជាក់ការវ៉ាក់សាំងថាជាបញ្ហា។