សៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកធ្វើអោយប៉ះពាល់ដល់ការការពារលោក ដូណាល់ ត្រាំ នៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា
សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិកនឹងពិចារណានៅក្នុងថ្ងៃសុក្រទី៣១ ខែមករានេះ ទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះក្តីលោក ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ ។ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើសមាជិកបក្សសាធារណរដ្ឋនឹងឯកភាពជាមួយសមាជិកគណបក្សប្រជាធិបតេយ្យ ដើម្បីឲ្យមានសាក្សីនៅក្នុងការជំនុំជម្រះនេះដែរឬយ៉ាងណា ។
យ៉ាងហោចណាស់មានសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ម្នាក់ គឺលោក Mitt Romney ដែលបង្ហាញពីឆន្ទៈថា ការបែកធ្លាយព័ត៌មានពីសៀវភៅមួយក្បាលដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ដែលសរសេរដោយ អតីតទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោក ចន បូលតុន អាចនឹងបញ្ចុះបញ្ចូលសហការីរបស់លោកបាន ។ សៀវភៅនោះធ្វើឲ្យប៉ះពាល់ដល់ចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខាន់នានាដែលត្រូវបានលើកឡើង ដើម្បីការពារក្ដីឲ្យលោក ដូណាល់ ត្រាំ នៅក្នុងការជំនុំជម្រះ ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ យូតា លោក Mitt Romney បាននិយាយថា លោក បូលតុន មានភស្តុតាងដែលពាក់ព័ន្ធសម្រាប់បង្ហាញនៅក្នុងការផ្ដល់សក្ខីកម្ម ហើយលោកគិតថា សមាជិកគណបក្សសាធារណរដ្ឋដទៃទៀតកាន់តែច្រើន ទំនងជានឹងសហការជាមួយសមាជិកបក្សសាធារណរដ្ឋដទៃទៀតដែលគិតថា គួរតែស្ដាប់នូវព័ត៌មានដែលលោក ចន បូលតុន អាចផ្ដល់ក្នុងសក្ខីកម្ម ៕ធ.ដ