លោក ឌី រ័ត្នខេមរុណ ចុះត្រួតពិនិត្យ និងវាយតម្លៃនូវ សាលាដែលបានស្នើសុំបើកដំណើរការឡើងវិញ
ភ្នំពេញ ៖ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ររាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័យ បានចុះត្រួតពិនិត្យ និង វាយតម្លៃនូវ សាលាប៊ែលធី៩ សាខាស្ទឹងមានជ័យ និងសាលាអន្តរជាតិ អេស អាយ អេស (SIS) ស្ថិតនៅសង្កាត់សស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានស្នើសុំបើកដំណើការឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃ នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័យ បានមានប្រសាសន៍ថា នាយកគ្រប់គ្រងសាលា ត្រូវគោរពតាមសេចក្ដីជូនដំណឹង លេខ ០៧៣/២១ សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ៥០ អយក.សណន ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ របស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវអនុវត្តដូចខាងក្រោម ៖
១. បង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា
- ត្រូវបង្កើត និងពង្រឹងកិច្ចការរបស់គណៈកម្មការសុខភាពសិក្សា នៅក្នុងគ្រឹះស្ថាន ដោយមានសមាសភាពច្បាស់លាស់
- រៀបចំបន្ទប់សុខភាពនៅក្នុងសាលា ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងឧបករណ៍វាស់កម្តៅ អាល់កុល ឬជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
២. វិធានការសុវត្ថិភាព និងអនាម័យ
- គណៈគ្រប់គ្រងសាលា ត្រូវរៀបចំអោយមានការវាស់កម្តៅទៅលើអ្នកសិក្សាបុគ្គលិក លោកគ្រូ អ្នកគ្រូ មុននិងអនុញ្ញាតអោយចូលបរិវេណគ្រឹះស្ថានសិក្សា
- អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវបាក់ម៉ាស់ជាប្រចាំ
- អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវលាងដៃ ជាមួយនិងសាប៊ូ អាល់កុល ឬជែល មុននិងចូលគ្រឹះស្ថានសិក្សា
- រៀបចំអោយមានគម្លាតសុវត្ថិភាព រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀនយ៉ាងតិច ១.៥ ម៉ែត្រ ពីគ្នា
៣. បរិក្ខារអនាម័យ
- រៀបចំបរិក្ខារលាងសម្អាតដៃអោយបានច្រើន នៅច្រកចេញ ចូល សាលា
- សិស្សទាំងអស់ត្រូវមានទឹកស្អាតទទួលទានយ៉ាងតិច ៥០០ មីលីលីត្រ ក្នុងមួយនាក់
- ត្រូវមានបង្គន់អនាម័យយ៉ាងតិចមួយ សម្រាប់សិស្សប្រុស និងមួយសម្រាប់សិស្សស្រី នៅក្នុងសាលា
- ត្រូវរៀបចំត្រៀមបម្រុងនូវម៉ាស់ អាល់កុល ឬជែល នៅសាលា
៤. ការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
- ត្រូវរៀបចំផែនការធ្វើតេសរហ័ស ចំពោះសិស្ស ដែលមានអាការៈសង្ស័យមេរោគកូវីដ-១៩
- ប្រសិនបើមានវិជ្ជមាន ឬមានអ្នកផ្ទុកជំងឺ កូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តីពីការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
៥. ការចាក់វ៉ាក់សាំងបង្ការ
- អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់
- អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រូវអនុញ្ញាតអោយចូលសាលាឡើយ
- ចំពោះអ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលមានជំងឺប្រចាំកាយ គួរអនុញ្ញាតអោយបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ
៦. សុវត្ថិភាពចំណីអាហារ
- ត្រូវផ្សព្វផ្សាយ និងណែនាំដល់មាតាបិតា ឬអាណាព្យាបាលសិស្សអោយយកចិត្តទុកដាក់ទៅលើចំណីអាហារប្រកបដោយមានសុវត្ថិភាព និងសុខភាពត្រឹមត្រូវ
- អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ គួរយកចំណីអាហារ ពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាន
- ផ្អាកការលក់ចំណីអាហារនៅក្នុងសាលា និងនៅក្រៅជាប់សាលា រហូតដល់មានការណែនាំថ្មី
៧. ការថែទាំសុខភាពផ្លូវចិត្ត
- គ្រប់គ្រងការតានតឹងផ្លូវចិត្ត និងវិធីថែទាំផ្លូវចិត្តដូចជា បរិភោគអាហារ ទទួលទានទឹក និងសម្រាកអោយបានគ្រប់គ្រាន់ ៕ ដោយ / គ្រី សម្បត្តិ





