សហរដ្ឋអាមេរិក និង អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហារដោយមីស៊ីលនៅបរិវេណស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ
អ៊ីរ៉ាក់៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាឌី និងរដ្ឋមន្រ្តីការបរ ទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២៧ ខែមករានេះ បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ និង បានថ្កោលទោសការវាយប្រហារដោយមីស៊ីលចំនួន៣គ្រាប់ក្បែរបរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ហើយមីស៊ីលមួយគ្រាប់ត្រូវបានគេអះអាងថា ត្រូវចំអាហារដ្ឋានរបស់ស្ថានទូត ធ្វើឲ្យមនុស្សមួយចំនួនរងរបួស ។
ភាគីទាំងពីរបានជជែកពិភាក្សាគ្នាស្តីពីការពង្រឹងនីតិវិធីរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលទទួលខុសត្រូវក្នុងការការពារស្ថានទូតសហរដ្ឋអាមេរិក និងបេសកកម្មការទូតដទៃទៀត ក៏ដូចជាតាមដានស៊ើបអង្កេតដើម្បីនាំអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះទៅរកយុត្តិធម៌ នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយា ល័យសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ។ ទន្ទឹមគ្នា លោក អាប់ឌុល ម៉ាឌី បានលើកឡើងពីភាពចាំបាច់ ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ដោយលោកនិយាយថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និង ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់ ។
គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលសារព័ត៌មានស្តីពីសព្វាវុធ Inside Defense បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ឈប់រាល់ការផ្តល់សព្វាវុធទៅកាន់ប្រទេសអ៊ីរ៉ាក់ និងថា ការផ្អាកនោះរួមមានទាំងការផ្តល់ក្រុមយន្តហោះចម្បាំង F-16 ថ្មីផងដែរ ហើយក្រសួងការពារជាតិអាមេរិកនឹងសម្រេចបន្តការផ្តល់សព្វាវុធ នៅពេលដែលបរិយាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ មើលទៅមានសុវត្ថិភាពគ្រប់គ្រាន់ឡើងវិញ ៕ធ.ដ