កូរ៉េខាងត្បូងពិន័យក្រុមហ៊ុនGoogle ចំនួន១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android
កូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ១៧៧ លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាពលេចធ្លោរបស់ខ្លួនលើកម្មវិធី (សូហ្វហ្វ៊ែរ)របស់ស្មាតហ្វូន។

ក្រុមនិយតករចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលធ្វើប្រព័ន្ធប្រតិបត្តិការ Android លើទូរស័ព្ទស្មាតហ្វូនជាង ៨០ ភាគរយនៅជុំវិញពិភពលោក ពីបទប្រើប្រាស់អំណាចចរចារបស់ខ្លួនដើម្បីកំចាត់ការប្រកួតប្រជែង ក្រោយចាប់ផ្តើមស៊ើបអង្កេតលើការអនុវត្តដោយមិនស្មើភាពគ្នាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិកមួយនេះ ចាប់តាំងពីឆ្នាំ ២០១៦មក។
គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) រកឃើញថា ក្រុមហ៊ុន Google ប្រើកិច្ចព្រមព្រៀងប្រឆាំងការបែកបាក់ (AFA) ដើម្បីបង្កើនភាពលេចធ្លោនៃទីផ្សាររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១១មក ដោយរារាំងអ្នកផលិតឧបករណ៍ពីការអភិវឌ្ឍន៍កម្មវិធី ឬប្រើកម្មវិធីដែលបានកែប្រែរបស់ប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមអ្នកឃ្លាំមើលនេះ ហាមឃាត់ Google ពីការបង្ខំឱ្យក្រុមហ៊ុនផលិតដូចជា Samsung Electronics Co និង LG Electronics Inc ចុះហត្ថលេខាលើកិច្ចសន្យា AFA និងបញ្ជាឱ្យកែប្រែអ្វីដែលមានស្រាប់។
កាលពីខែសីហា កូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងគេ ដែលអនុម័តច្បាប់ដើម្បីដាក់កំហិតលើគោលនយោបាយទូទាត់ប្រាក់របស់ Apple Inc និង Google ដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើតែប្រព័ន្ធទូទាត់ប្រាក់តាមក្រុមហ៊ុនរបស់ខ្លួន។ ច្បាប់នេះចូលជាធរមាននៅថ្ងៃ ១៤ កញ្ញានេះ អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីចៀសវាងការបង់កម្រៃជើងសារដល់ប្រតិបត្តិករធំៗទាំងនេះ និងអាចឱ្យអ្នកប្រើប្រាស់បង់ប្រាក់តាមរយៈប្រព័ន្ធផ្សេងៗវិញ។
ការបញ្ជាឱ្យបង់ប្រាក់ពីនិយតករកាលពីថ្ងៃអង្គារនេះ គឺជាការពិន័យខ្ពស់បំផុតមួយនៅក្នុងប្រទេសពីការរំលោភបំពានលើការត្រួតត្រាទីផ្សារ ដោយមានតែក្រុមហ៊ុនផលិតឈីបសឺម៉ីកុងឌុចទ័រ Qualcomm Inc ប៉ុណ្ណេះដែលធ្លាប់រងទណ្ឌកម្មខ្ពស់ជាងនេះ។
អ្នកស្រី Kim Min-jeong មន្រ្តីម្នាក់របស់ KFTC និយាយថា ចំនួនទឹកប្រាក់ដែលប្រកាសដោយគណៈកម្មការរបស់អ្នកស្រី គឺផ្អែកលើការរកប្រាក់ចំណូលដែល Google រកបាននៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ២០១១ ដល់ខែមេសា។ អ្នកស្រីថា ការផាកពិន័យដែលអាចប្រកាសនៅខែតុលា ឬខែវិច្ឆិកា អាចខ្ពស់ជាងនេះបន្តិច។
ក្រុមហ៊ុន Google ឆ្លើយតបវិញដោយនិយាយថា ប្រព័ន្ធប្រតិបត្តិការ Android បានពន្លឿនការច្នៃប្រឌិតរួមទាំងក្នុងចំណោមក្រុមហ៊ុនកូរ៉េ និងធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ហើយថាខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ ក្រុមហ៊ុននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «សេចក្តីសម្រេចរបស់ KFTC មិនអើពើនឹងអត្ថប្រយោជន៍ទាំងនេះ ហើយនឹងធ្វើឱ្យខូចគុណប្រយោជន៍ដែលអ្នកប្រើប្រាស់»។
តែយ៉ាងណាមិញ អ្នកស្រី Joh Sung-wook ប្រធានគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ ហៅកាត់ថា KFTC និយាយថា៖ «សកម្មភាពរបស់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ មិនត្រូវបានកំណត់ចំពោះតែឧបករណ៍ចល័តនោះទេ ប៉ុន្តែវិធានការកែតម្រូវនេះរួមមានទាំងឧបករណ៍ឆ្លាតវៃផ្សេងទៀតដូចជានាឡិកាឆ្លាតវៃ និងទូរទស្សន៍ឆ្លាតវៃជាដើម»។ លោកស្រីបន្តថា៖ «ដូច្នេះ យើងរំពឹងថាការបង្កើតថ្មីនឹងកើតឡើងនៅពេលដែលសម្ពាធប្រកួតប្រជែងនៅក្នុងវិស័យនេះត្រូវបានធ្វើឱ្យសកម្ម»។
និយតករកូរ៉េបានបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅឆ្នាំនេះ រួមទាំងក្រុមហ៊ុនក្នុងស្រុកផងដែរ។ ការការពារអ្នកប្រើប្រាស់ គឺជាចំណុចប្រសព្វនៃវិធានការដែលត្រូវបានរចនាឡើងដើម្បីទប់ស្កាត់អំណាចគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនធំៗ ជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យដូចជាសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Services)ជាដើម។
ថ្មីៗនេះ ក្រុមហ៊ុន Kakao Corp និងបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀត ខាតបង់តម្លៃទីផ្សារជាទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ ក្រោយវិនិយោគិនស្ថាប័នបរទេសនិងក្នុងស្រុកបោះចោលភាគហ៊ុនរបស់ខ្លួន បន្ទាប់ពីសមាជិកសភាល្បីៗហៅក្រុមហ៊ុនធ្វើប្រតិបត្តិការផ្ដល់សេវាកម្មផ្ញើសារ និងបណ្តាញសង្គមធំបំផុតរបស់ប្រទេសមួយនេះថាជា «និមិត្តសញ្ញានៃការលោភលន់»។
និយតករកូរ៉េនិយាយថា ភាពលេចធ្លោនៃទីផ្សាររបស់ Google នៅក្នុងសង្វៀនទូរស័ព្ទចល័តត្រូវបានពង្រឹងដោយសារតែការរាំងស្ទះដៃគូប្រកួតប្រជែងរបស់ខ្លួន។ ក្រុមហ៊ុន Amazon.com Inc និង Alibaba Group Holding Ltd បរាជ័យក្នុងការបើកដំណើរការអាជីវកម្មទូរស័ព្ទចល័ត ខណៈពេលដែល Samsung និង LG មិនអាចបញ្ចេញឧបករណ៍ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍បំពងសម្លេងជាមួយសេវាកម្មថ្មីទាន់ពេលវេលា ដោយសារតែការរាំងស្ទះរបស់ Google។
ក្រៅពីនេះ KFTC កំពុងស៊ើបអង្កេតករណី ៣ ផ្សេងទៀតដែលទាក់ទងនឹង Google និងការរឹតត្បិតការប្រកួតប្រជែងនៅក្នុងទីផ្សារកម្មវិធី Play Store ការទិញក្នុងកម្មវិធី និងទីផ្សារផ្សាយពាណិជ្ជកម្ម។