ដោយព្រួយបារម្ភអំពីផ្លូវចិត្តលោកត្រាំ ឧត្ដមសេនីយ៍កំពូលអាមេរិកធ្វើទំនាក់ទំនងសម្ងាត់ជាមួយចិន
កាលពីដើមខែមករាឆ្នាំនេះ ឧត្ដមសេនីយ៍កំពូលរបស់អាមេរិកបានបង្ហាញការព្រួយបារម្ភថាលោកប្រធានាធិបតីដូណាល់ ត្រាំមានអស្ថិរភាពផ្លូវចិត្ត ហើយបានចាត់គ្រប់វិធានការដើម្បីបង្ការការផ្ទុះសង្គ្រាមជាចិន នេះបើតាមការលើកឡើងសៀវភៅចេញថ្មីមួយដោយអ្នកសារព័ត៌មានស៊ើបអង្កេតប៊ប វូដវឺដ និងរ៉ូប៊ឺត កូស្តា។

សម្រង់នៃសៀវភៅ ដែលនៅមិនទាន់ចេញផ្សាយទាំងមូល មានចំណងថា «គ្រោះថ្នាក់» (Peril) ត្រូវបានចុះផ្សាយដំបូងដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងទូរទស្សន៍ CNN។ សៀវភៅនេះ បានបង្ហាញប្រធាននាយសេនាធិការចម្រុះនៃកងប្រដាប់អាវុធអាមេរិកលោកនាយឧត្ដមសេនីយ៍ម៉ាក មីលលី ជាអ្នករៀបចំចលនាទប់ទល់នឹងសកម្មភាពរបស់លោកត្រាំ នៅក្រសួងការពារជាតិ និងសហគមន៍ចារកម្មអាមេរិក។
សៀវភៅនេះលើកឡើងថាលោក មីលលី បានបញ្ជាឱ្យជំនួយការទាំងអស់ជូនដល់លោកផ្ទាល់ ហើយពន្យារគ្រប់សកម្មភាពរបស់ពួកគេ ប្រសិនបានលោកត្រាំធ្វើការបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក។ ពួកគេលើកឡើងថាលោក មីលលី បានជួបជាមួយនឹងនាយក CIA លោកស្រីជីណា ហាស្ពែល និងនាយកទីភ្នាក់ងារសន្តិសុខជាតិលោកផល ណាកាសូនីដើម្បីពិភាក្សាតម្រូវការនៃការប្រុងប្រយ័ត្ន ខណៈពេលដែលមានការព្រួយបារម្ភថាលោកត្រាំអាចធ្វើសកម្មភាពមិនសមហេតុផល។
លោក មីលលី បានធ្វើការហៅទូរស័ព្ទទៅកាន់នាយសេនាធិការកងទ័ពចិនលោកនាយឧត្ដមសេនីយ៍លី ហ្សូឆឹងចំនួនពីរលើក នៅថ្ងៃទី ៣០ ខែតុលា មុនពេលការបរាជ័យរបស់លោកត្រាំក្នុងការបោះឆ្នោត និងនៅថ្ងៃទី ៨ មករា ពីរថ្ងៃបន្ទាប់ពីអ្នកគាំទ្ររបស់លោកត្រាំធ្វើកុបកម្មវាយលុកចូលវិមានកាពីតូល។ ក្នុងការហៅទាំងនេះ លោកមីលលីបានធ្វើការធានាថាជំហរប្រឆាំងចិនរបស់លោកត្រាំ នឹងមិនបង្កឱ្យមានសកម្មភាពយោធាទេ។
«ឧត្ដមសេនីយ៍លី ខ្ញុំចង់ធានាដល់លោកថារដ្ឋាភិបាលអាមេរិកមានស្ថិរភាព ហើយអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ» លោកមីលលី ប្រាប់លោកលីកាលពីខែតុលា ហើយបន្តទៀតថា៖ «យើងនឹងមិនវាយប្រហារ ឬធ្វើប្រតិបត្តិការប្រឆាំងអ្នកឡើយ»។ ពីរខែក្រោយមកលោកមីលលីបានទាក់ទងទៅលោកលីម្ដងទៀតដោយនិយាយថា៖ «យើងមានស្ថិរភាព ១០០ ភាគរយ។ អ្វីៗមិនអីទេ។ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យពេលខ្លះអាចមានភាពច្របូកច្របល់»។
ដើម្បីធ្វើការធានាបន្ថែមទៀតលោកមីលលីបានបញ្ជាឱ្យពន្យារពេលការធ្វើសមយុទ្ធនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលអាចធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារបន្ថែមទៀត៕