មនុស្សរាប់ពាន់នាក់បាតុកម្មប្រឆាំងនឹងតាលីបង់ ជុំវិញការបណ្ដេញចេញគេហដ្ឋាន
កាលពីថ្ងៃអង្គារ ទី១៤ កញ្ញា ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងក្រុមតាលីបង់នៅទីក្រុងកានដាហាភាគខាងត្បូងប្រទេស បន្ទាប់ពីក្រុមនេះបានបញ្ជាឱ្យប្រជាជនទាំងនេះចាកចេញពីគេហដ្ឋានរបស់ពួកគេនៅសហគមន៍អតីតយុទ្ធជនមួយ នេះបើតាមការរាយការណ៍សារព័ត៌មានក្នុងស្រុកអាហ្វហ្គានីស្ថាន។

បាតុករបានប្រមូលផ្ដុំនៅពីមុខវិមានអភិបាល បន្ទាប់ពីគ្រួសារអតីតយុទ្ធជនប្រមាណជាង ៣០០០ គ្រួសារត្រូវបានបញ្ជាឱ្យចាកចេញពីគេហដ្ឋានរបស់ពួកគេ។ គ្រួសារទាំងនេះ ដែលខ្លះបានរស់នៅគេហដ្ឋានបច្ចុប្បន្នជាង ៣០ ឆ្នាំមកហើយ ត្រូវបានផ្ដល់រយៈពេលបីថ្ងៃដើម្បីចាកចេញ។
អ្នកនាំពាក្យតាលីបង់មិនបានធ្វើការអត្ថាធិប្បាយលើការរាយការណ៍ទាំងនេះទេ។
ការធ្វើបាតុកម្មបានកើតឡើងជាបន្តបន្ទាប់នៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីក្រុមតាលីបង់ចូលកាន់អំណាចកាលពីខែមុន ហើយតែងតែត្រូវបានបង្ក្រាបដោយហិង្សាដោយពេលខ្លះបានឈានដល់ការបាត់បង់ជីវិត។ ប៉ុន្តែនៅគ្មានការរាយការណ៍អំពីការប្រើប្រាស់អំពើហិង្សាទៅលើបាតុកម្មខាងលើនេះទេ។
មេដឹកនាំតាលីបង់បានប្ដេជ្ញាធ្វើការស៊ើបអង្កេតលើការប្រើប្រាស់អំពើហិង្សាក្នុងការបង្ក្រាបបាតុកម្ម ប៉ុន្តែបានប្រកាសថាការរៀបចំបាតុកម្មណាមួយត្រូវតែមានការអនុញ្ញាតពីពួកគេ។ អង្គការសហប្រជាជាតិបានកត់សម្គាល់ថាការឆ្លើយតបរបស់តាលីបង់ទៅលើការធ្វើបាតុកម្មដោយសន្តិភាព គឺកាន់តែមានហិង្សា៕