កម្លាំងសមត្តកិច្ចចម្រុះ ចុះបង្ក្រាបរបាំងស្បៃមុង និង របាំងសាច់អួន ចាក់លែងកូនត្រីចម្រុះប្រមាណជាង 350គីឡូក្រាមចូលទន្លេវិញ នៅក្នុងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង ៖ ទោះបីស្ថិតក្នុងរដូវ បិទនេសាទយ៉ាងណាក្តី បទល្មើសនេសាទនៅតែកើតមានឡើងស្ទើរគ្រប់កន្លែង ក្នុងស្ថានភាពបែបនេះធ្វើឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបស្ទើររៀងរាល់ថ្ងៃ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី15 ខែកញ្ញានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចនគរទ្វីប ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ សហគមន៍នេសាទ និងមន្ត្រីជំនាញ សរុបចំនួន ២៤នាក់ មធ្យោបាយធ្វើដំណើរដោយកាណូតបាឡាស្មាច់ចំនួន 5គ្រឿង ។ ជាលទ្ធផលក្នុងការបង្ក្រាបគឺបង្ក្រាបរបាំស្បៃម៉ុងបានចំនួន 35កន្លែងមានប្រវែងជាង 2ពាន់ម៉ែត្រ លបលូស្បៃមុង 35គ្រឿង បង្គោល 800ដើមនិងចាក់លែងកូនត្រីចម្រុះប្រមាណជាង 300គីឡូក្រាម ចូលទន្លេវិញ ។
ដោយឡែករបាំងសាច់អួន បានបង្ក្រាបចំនួន 4កន្លែងមានប្រវែងសរុប 300ម៉ែត្រ លបលូសាច់អួន 3គ្រឿង និងបង្គោល 150ដើម ព្រមទាំងចាក់លែងត្រីចម្រុះប្រមាណ 50គីឡូក្រាមចូលទន្លេវិញដែរ ។ ចំពោះឧបករណ៍ល្មើសនេសាទត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏សូមអំពាវនាវដ៍ទទូចសូមបងប្អូនប្រជាពលរដ្ឋកុំនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា របាំងស្បៃមុង របាំងសាច់អួនឧបករណ៍ឆក់ជាដើម ដែលរបស់ទាំងអស់នេះបានបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរពិសេសក្នុងរដូវត្រីដែលកំពុងតែពងកូននេះ ៕ សុខ គឹមសៀន