ឃាត់មនុស្ស២១៨នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)
មនុស្សចំនួន២១៨នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ ១៩។
មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែង នៅថ្ងៃទី១៥កញ្ញានេះថា សមត្ថកិច្ចបានឃាត់រថយន្ត៣គ្រឿង,ម៉ូតូ២៤គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន ៣៥លាន៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៦៣ករណី នៅថ្ងៃនេះ ។
បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕