ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បន្តជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជានៅអាណត្តិថ្មី

សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ នៅព្រឹក ថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតី ភាពឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន, ឯកឧត្តម លឹម គានហោ អនុប្រធាន, ឯកឧត្តម ថោង ខុន ប្រធាន NOCC ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកយ៉ាងច្រើនទៀត ។
ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំ ពីឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន សហព័ន្ធក៏បានព្យាយាមបង្កើនសកម្មភាពយ៉ាងច្រើនទាំងក្នុង និងលើឆាកអន្តរជាតិ ។

ប៉ុន្តែនៅមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយ ដោយក្លឹបខ្លះ មិនចូលរួមជាសមាជិកសហព័ន្ធនៅឡើយទេ ។ ចំណែក គ្រូបង្វឹកជំនាញនៅមានកម្រិត ខណៈថវិកា និងសម្ភារៈតាមស្ដង់ដារក៏នៅខ្វះខាត ព្រមទាំងធនធានមនុស្សទៀតផង ។ 
ឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអបអរសាទរ និងគាំទ្រ ហើយក៏អរគុណដែលបានជំរុញការងារដឹកនាំ ឲ្យមានការរីកចម្រើននៅអាណត្តិចាស់ ក្រោមការដឹកនាំ ដោយ ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន ។ ប្រមុខ NOCC បានស្នើធ្វើយ៉ាងណាត្រូវអភិវឌ្ឍ កីឡាការិនីទាំងបរិមាណ និងគុណភាព ជាពិសេសប្រភេទវិញ្ញាសាទម្ងន់ធ្ងន់គ្រប់ វិញ្ញាសាប្រយុទ្ធ សម្រាប់នារី ។

ឯ ឧ ថោង ខុន បានបង្ហាញជំនឿចិត្តថា ក្នុងអាណត្តិថ្មីដែលជាឆ្នាំដ៏សំខាន់ សហព័ន្ធកីឡាការ៉ាតេ និងទទួលបានជោគជ័យ ជាពិសេស នៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ 
ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន សង្កត់ធ្ងន់ថា សហព័ន្ធបានកែទម្រង់ផ្ទៃក្នុង និងបច្ចេកទេសឲ្យរលូន មាន ប្រសិទ្ធភាព ហើយក៏អរគុណដល់សមាជិកទាំងអស់ដែលខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មឲ្យ ទទួលបានលទ្ធផលល្អ ។ ការបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធក៏ជាភារកិច្ចត្រូវគិតគូរ ដោយត្រូវរកគ្រូ បច្ចេក ទេសដើម្បីអាចជួយបណ្ដុះសមត្ថភាពកីឡាករ កីឡាការិនី ។

សម្រាប់ស្នាដៃគួរកត់សម្គាល់ផ្សេងៗ សហព័ន្ធបានសាងសង់មជ្ឈមណ្ឌលជាតិការ៉ាតេ នៅ RUPP រៀបចំជម្រើសជាតិមានកីឡាករ កីឡាការិនីល្អៗ មានគ្រូបង្វឹកបរទេសធ្វើឲ្យគុណភាពប្រយុទ្ធ រីក ចម្រើនគួរកត់សម្គាល់ ។ ពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំ មានលក្ខន្តិកៈ ផែនការយុទ្ធសាស្ត្រ អាច ទទួលយកបាន។ ស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដោយមានការប្រកួត ការផ្លាស់ប្ដូរ ហ្វឹក ហាត់ជាមួយជប៉ុនជាដើម ។ ទាក់ទងនឹងហិរញ្ញវត្ថុ គឺក្រសួងហិរញ្ញវត្ថុបានផ្ដល់ការឧបត្ថម្ភ ដើម្បីលើក កម្ពស់ និងគាំទ្រដល់សហព័ន្ធជាបន្តបន្ទាប់ ។

ឯ ឧ ប្រធាន បន្ថែមថា ទោះបីបានប្រឹង ប្រែង សម្រេច បានលទ្ធផលជាទីមោទក ក៏នៅមានការងារ មួយចំនួនទៀតតាមផែនការយុទ្ធសាស្ត្រ នៅមិនទាន់សម្រេចពេញលេញតាមការចង់បាន ដូច្នេះត្រូវខំ ប្រឹងឲ្យខ្លាំងថែមទៀត ។ ដូច្នេះ ដើម្បីពង្រឹងការងារ នៅអាណត្តិថ្មី ក្នុងនាមជាប្រធានសហព័ន្ធ ឯ ឧ បានបង្ហាញពីគម្រោងបង្កើតគណៈកម្មការចំនួន៥ មានទីផ្សារ និងចលនាឧបត្ថម្ភ, បច្ចេកទេស រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ,វិន័យ និងដោះ ស្រាយ វិវាទ, គណៈកម្មការអាជ្ញាកណ្ដាចៅក្រម និងបច្ចេកទេស, ការរៀបចំតែងតាំង ព្រឹទ្ធាចារ្យជាទីប្រឹក្សាជាន់ខ្ពស់ ។

គួរបញ្ជាក់ថា ក្នុងអាណត្តិថ្មី ២០២០-២០២៤ ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេ ក៏បានដាក់យុទ្ធសាស្រ្ត៥ធំៗ គឺអភិរក្ស និងអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើសុខដុមរូបនីយកម្ម ។ ធ្វើប្រជាប្រិយភាវូបនីយកម្ម, អភិបាលកិច្ចល្អ, ជំរុញល្បឿនអភិវឌ្ឍន៍ បង្កើតមូលនិធិការ៉ាតេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner