ក្រសួងអប់រំ បណ្តុះបណ្តាលយុវជនឱ្យចេះដោះស្រាយបញ្ហា មានភាពក្លាហាន ពង្រឹងជំនាញត្រិះរិះពិចារណា ចែករំលែកគំនិត ដើម្បីជួយកសាងសង្គមជាតិ

ក្រសួងអប់រំ យុវជន និងកីឡា (អគ្គនាយកដ្ឋានយុវជន) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រោមវត្តមាន ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ដោយមានសមាសភាពចូលរួម ដូចជា ថ្នាក់ដឹកនាំអគ្គនាយកយុវជន ថ្នាក់ដឹកនាំនាយកដ្ឋានយុវជន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទាំង ២៥ និងគណៈកម្មការរៀបចំកម្មវិធីទាំងអស់។

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈជាដើម។ កម្មវិធីក៏ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងសមរភូមិគំនិតប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ នឹងប្រព្រឹត្តទៅ តាមដំណាក់កាលសំខាន់ ដូចខាងក្រោម៖

១- វគ្គជម្រុះជុំទី១ (៣២ក្រុម ប្រកួតជម្រុះយក ១៦ក្រុម)
២- វគ្គជម្រុះជុំទី២ (១៦ក្រុម ប្រកួតជម្រុះយក ៨ក្រុម)
៣- វគ្គជម្រុះជុំទី៣ (៨ក្រុម ប្រកួតជម្រុះយក ៤ក្រុម)
៤- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម ប្រកួតជម្រុះយក ២ក្រុម)
៥- វគ្គផ្តាច់ព្រ័ត្រ (ប្រកួតយកជ័យលាភី លេខ ១ និងលេខ ២ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២២)៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner