ចិន និងកូរ៉េខាងត្បូងប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការ
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឯកភាពគ្នា នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ក្នុងជំនួបជាមួយលោក វ៉ាង លោក មូន បាននិយាយថា កូរ៉េខាងត្បូងត្រៀមខ្លួនធ្វើការជាមួយចិន ដើម្បីរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រីកការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការការពារបរិស្ថាន។ ទន្ទឹមនេះ ចិនបានបញ្ជាក់ជាថ្មីពីជំហរប្រឆាំងអាមេរិកដែលប្រើឥទ្ធិពលលើកូរ៉េខាងត្បូង ដោយលោក វ៉ាង យី បានអំពាវនាវឱ្យមាន “ការគោរពគ្នាទៅវិញទៅមក” ទាក់ទងនឹងផលប្រយោជន៍ខុសគ្នារបស់ប្រទេសទាំងពីរ។ បើតាមសារព័ត៌មាន Korean Times លោក វ៉ាង បាននិយាយអំឡុងកិច្ចប្រជុំជាមួយលោក មូន នៅវិមាន ឆឹង វ៉ាដេ នៅថ្ងៃពុធនេះថា ចិន-កូរ៉េខាងត្បូងបានស្ថិតនៅក្នុងស្ថានភាពខុសៗគ្នា ប៉ុន្តែមកទល់ពេលនេះ ប្រទេសទាំងពីរបានគាំទ្រផ្លូវអភិវឌ្ឍន៍ដែលប្រទេសផ្សេងទៀតបានជ្រើសរើស និងគោរពតាមផលប្រយោជន៍សំខាន់ៗរបស់គ្នាទៅវិញទៅមក។ ហើយយើងគួរតែរក្សាប្រពៃណីដ៏ល្អនេះនៅពេលអនាគត ព្រោះវានឹងក្លាយជាកត្តាសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយសុខភាពល្អ។
គួរកត់សម្គាល់ ប្រមុខការទូតចិនរូបនេះ បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក ឆុង អ៊ីយ៉ុង នៅប៉ុន្មានម៉ោងមុនជួបលោកប្រធានាធិបតី មូន ជេអ៊ីន៕ប្រភព៖ ស៊ីនហួរ


