កូរ៉េខាងជើង និងខាងត្បូងធ្វើការសាកល្បងមីស៊ីលប្រឆាំងគ្នា ខណៈពេលដែលការប្រកួតប្រជែងអាវុធឡើងកម្ដៅ
កាលពីថ្ងៃពុធ ទី១៥ កញ្ញាកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងមីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន ដែលជាព្រឹត្តិការណ៍ចុងក្រោយបំផុតក្នុងការប្រកួតប្រជែងអាវុធរវាងប្រទេសទាំងពីរបានធ្វើឱ្យមានការបង្កើតអាវុធកាន់តែទំនើបទៅៗ ខណៈពេលដែលការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅជាប់គាំង។

កូរ៉េខាងត្បូងបានធ្វើការសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយបង្កើតមីស៊ីលប្រភេទនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីនបានចូលរួមទស្សនាការសាកល្បងនេះ មុនពេលដែលទទួលដំណឹងថាកូរ៉េខាងជើងក៏បានធ្វើការសាកល្បងមីស៊ីលផងដែរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រឿង ដែលធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន មួយថ្ងៃបន្ទាប់ពីបានសាកល្បងមីស៊ីលហោះទាប ដែលគេជឿជាក់ថាអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរបាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា សហរដ្ឋអាមេរិកថ្កោលទោសការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថាបានរំលោភសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានបង្កការគំរាមកំហែងដល់ប្រទេសជិតខាង។ អាមេរិកមិនបាននិយាយទាក់ទងនឹងការសាកល្បងរបស់កូរ៉េខាងត្បូងទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីជៀនបាននិយាយថាប្រទេសចិនរំពឹងថាគ្រប់ភាគីអាចអនុវត្តការអត់ធ្មត់។
ប្រទេសកូរ៉េខាងជើង បានធ្វើការអភិវឌ្ឍប្រព័ន្ធអាវុធរបស់ពួកគេជាបន្តបន្ទាប់ ខណៈពេលមានការជាប់គាំងក្នុងការចរចាដើម្បីរុះរើក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលចាប់ផ្ដើមដោយអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនក្នុងឆ្នាំ ២០១៨។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកូរ៉េខាងត្បូងក្រោមការគ្រប់គ្រងរបស់លោកមូន បានធ្វើការចំណាយយ៉ាងធំទៅលើប្រព័ន្ធអាវុធថ្មី ដែលរួមមានមីស៊ីលផ្លោង នាវាមុជទឹក និងនាវាដឹកយន្តហោះដំបូង ហើយបានជំរុញស្វ័យភាពគោលនយោបាយការបរទេសពីអាមេរិក។ អ្នកវិភាគមួយចំនួនគិតថាលោកមូនបានធ្វើបែបនេះដោយសារកត្តាជាច្រើនដែលរួមមាន ការខ្វះភាពជឿជាក់លើអាមេរិកបន្ទាប់ការកាន់អំណាចរបស់លោកត្រាំ និងការអភិវឌ្ឍអាវុធថ្មីៗនៅកូរ៉េខាងជើង និងចិន៕