ចិនធ្វើលំហាត់សមយុទ្ធប្រតិបត្តិការរក្សាសន្តិភាព ជាមួយម៉ុងហ្គោល ប៉ាគីស្ថាន និងថៃ

ចិន​បាន​បញ្ចប់​លំហាត់​សមយុទ្ធ​លើ​ប្រតិបត្តិការ​រក្សា​សន្តិភាព​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៌​នេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​កងទ័ព​​មក​ពី​ប្រទេស​ម៉ុងហ្គោល ប៉ាគីស្ថាន និង​ប្រទេស​ថៃជាដើម​។ លំហាត់​សមយុទ្ធ​នេះ​ត្រូវ​បាន​ផ្ដល់​ឈ្មោះ​ថា «សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ២០២១» ដែល​ជា​ការ​ហាត់​សម​យោធា​បែប​ពហុប្រទេស​​លើក​ដំបូង​បង្អស់​ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ។

ការ​ហាត់​សម​នេះ​មាន​ការ​ចូល​រួម​ពី​ទាហាន​សរុប​ចំនួន ១ពាន់​នាក់​ ហើយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៦ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា ដែល​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នា​ឯ​ស្រុក Queshan ខេត្ត Henan ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន។

ក្រសួងការពារជាតិ​ចិន​បាន​ចាត់​ទុក​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​រំលឹក​ខួប ៥០ឆ្នាំ នៃ​ការ​ទទួល​បាន​អាសនៈ​អង្គការ​សហប្រជាជាតិ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន។

ចិន​ ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ទទួល​បាន​កៅអី​នៅ​ស្ថាប័ន​ពិភពលោក​កាល​ពី​ឆ្នាំ១៩៧១ ក្រោយ​ពី​អាសនៈ​នេះ​កាន់​កាប់​ដោយ​រដ្ឋាភិបាល​សាធារណៈ​ចិន ឬ គេ​ច្រើន​តែ​ស្គាល់​ថា តៃវ៉ាន់​ អស់​ជិត ៣០ឆ្នាំ​ចាប់​តាំង​​ឆ្នាំ១៩៤៥។

អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នេះ​ដែរ ចិន​បាន​បង្ហាញ​នូវ​បរិក្ខារ​យោធា​ទំនើបៗ​របស់​ខ្លួន ដែល​មាន​ដូច​ជា យន្តហោះ​ដ្រូន និង​មនុស្សយន្ត​សម្អាត​មីន​ជា​ដើម។

កងទ័ព​ទាំង​អស់​បាន​ចូល​រួម​នៅ​ក្នុង​ការ​ហាត់​សម​នេះ បាន​ពាក់​មួក និង​អាវ​អម​ជាមួយ​នឹង​និមិត្តសញ្ញា​អង្គការ​សហប្រជាជាតិ ខណៈ​សម្ភារៈ​ប្រើប្រាស់​នានា​ក៏​បាន​បិទ​ផ្លាក​អង្គការ​នេះ​ដូច​គ្នា​ដែរ។

«សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ២០២១ ជា​ការ​គូស​បញ្ជាក់​ជំហរ​របស់​ចិន​ ក្នុង​នាម​ជា​អ្នក​ការពារ​ដ៏​ស្មោះស្ម័គ្រ​នូវ​សន្តិភាព​ពិភពលោក និង​សណ្ដាប់ធ្នាប់​អន្តរជាតិ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Lu Jianxin ដែល​ជា​អ្នក​ជំនាញ​យោធា​ចិន ប្រាប់​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​កន្លែង​ធ្វើ​សមយុទ្ធ​នោះ​។

ការ​ហាត់​សម​ធ្វើ​ឡើង​ជា​លំហាត់​ជា​ច្រើន​ផ្សេងៗ​គ្នា ដោយ​ក្នុង​នោះ​ដែរ​មាន​ការ​ធ្វើ​ត្រាប់​ទៅ​នឹង​ឧបទ្ទវហេតុ​មួយ​នៅ​ប្រទេស​ម៉ាលី កាល​ពី​ឆ្នាំ២០១៦ ដោយ​កាល​នោះ​កងទ័ព​មួក​ខៀវ​ចិន​ត្រូវ​បាន​ទទួល​រង​ការ​វាយប្រហារ ដោយ​ក្រុម​ភេរវកម្ម​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់កៃដា។

ជាមួយ​គ្នា​នោះ​ដែរ សេណារីយ៉ូ​ផ្សេងៗ​ទៀត​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​មួក​ខៀវ និង​ភេរវជន ក៏​ដូច​ជា​សេណារីយ៉ូ​ ដែល​ទាហាន​រក្សា​សន្តិភាព​ត្រូវ​ការពារ​ជន​ស៊ីវិល​ អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​គ្នា។

បន្ថែម​ពី​លើ​ការ​ហ្វឹកហាត់​នូវ​លំហាត់​ផ្សេងៗ​គ្នា កងទ័ព​បរទេស​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាវុធ និង​ឧបករណ៍​ថ្មីៗ​របស់​ចិន​ផង​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែក​វិស័យ​ការពារ​ជាតិ​ នៃ​សាលា​សិក្សា​អន្តរជាតិ​ S. Rajaratnam ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា «ការ​ប្រើប្រាស់​ឧបករណ៍​ចិន ដោយ​កងទ័ព​បរទេស អាច​ជា​សញ្ញា​មួយ​បង្ហាញ​ថា ចិន​អួត​ពី​អានុភាព​នូវ​ឧបករណ៍​របស់​ខ្លួន ហើយ​ក៏​អាច​ជា​យុទ្ធសាស្ត្រ​ស្វែងរក​ទីផ្សារ​របស់​ចិន ក្នុង​ការ​លក់​ឧបករណ៍​ទាំង​នោះ​ឱ្យ​យោធា​បរទេស​»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ប្រាប់​សារព័ត៌មាន Reuters។

លំហាត់​សមយុទ្ធ​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ អាមេរិក​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា​កន្លង​ទៅ។

​លោក Wei Dongxu អ្នក​ជំនាញ​យោធា​ចិន​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉េកាំង​បាន​ប្រាប់​សារព័ត៌មាន Global Times ថា ការ​ធ្វើ​សមយុទ្ធ​នេះ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ និង​សមត្ថភាព​របស់​ចិន ក្នុង​ការ​ការពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។ ការ​ដក​ទ័ព​របស់​អាមេរិក​ បាន​បង្ក​ជា​បញ្ហា​នានា​ ដែល​រាប់​បញ្ចូល​ទាំង​ការ​វាយប្រហារ​ពី​ក្រុម​ភេរវកម្ម ហើយ​អាច​រាលដាល​ទៅ​កាន់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក Wei។

ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ចិន​កំពុង​លេច​មុខ​លេច​មាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហប្រជាជាតិ។ មហាអំណាច​ជំនាន់​ថ្មី​មួយ​នេះ បាន​បញ្ជូន​កងទ័ព​ច្រើន​ជាង​គេ​ ចំណោម​ប្រទេស​មហាអំណាច​ទាំង ៥ លើ​ពិភពលោក ឱ្យ​បម្រើ​ការ​រក្សា​សន្តិភាព​នៅ​ប្រទេស​ ដែល​មាន​ជម្លោះ។

គិត​ចាប់​ពី​ឆ្នាំ១៩៩០មក ចិន​បញ្ជូន​កងទ័ព ៥ម៉ឺន​នាក់ ក្នុង​ការ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​កងទ័ព​មួក​ខៀវ ចំនួន ២៥បេសកកម្ម​ជុំ​វិញ​ពិភពលោក។ ក្នុង​ឆ្នាំ២០២១នេះ ទាហាន​ចិន​ប្រមាណ ២ពាន់​នាក់​កំពុង​តែ​បំពេញ​បេសកកម្ម​ ដែល​ច្រើន​នៅ​ប្រទេស​តំបន់​អាហ្វ្រិក​ដូចជា ស៊ូដង់​ខាង​ត្បូង ម៉ាលី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ជា​ដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner