លោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងគូប្រជែងដណ្តើមតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិថ្មី

សហរដ្ឋអាមេរិក៖ ស្របពេលដែលការបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែល នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និង គូប្រជែងរបស់លោក គឺលោក ប៊ែននី ហ្គាន់ កំពុងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។

នៅលើតុចរចាដែលជាអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» ដែលត្រូវបានគេរាយការណ៍ថា នឹងសម្រេចឱ្យអ៊ីស្រាអែលគ្រប់គ្រង West Bank មួយផ្នែកដ៏ធំ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ផែនការនេះគឺជាឱកាសដ៏ល្អសម្រាប់អ៊ីស្រាអែល និងថា លោកបានចាកចេញមកទីក្រុងវ៉ាស៊ីនតោន ដោយមានការទទួលខុសត្រូវខ្ពស់ ហើយលោកសង្ឃឹមថា លោក និងលោកប្រធានាធិបតី ត្រាំ នឹងបង្កើតប្រវត្តិសាស្ត្រមួយ ។

គូប្រជែងរបស់លោក ណឺតាន់យ៉ាហ៊ូ គឺលោក ប៊ែននី ហ្គាន់ បានរៀបចំការប្រជុំឯកជនជាមួយលោក ត្រាំ ដោយសង្ឃឹមថា លោកអាចបង្ហាញថា លោកជាគូប្រជែងដ៏សំខាន់មួយសម្រាប់តំណែងនាយករដ្ឋមន្រ្តី។ ព័ត៌មានលម្អិតអំពីផែនការនេះមិនត្រូវបានផ្សព្វផ្សាយនោះទេ ប៉ុន្តែរបាយការណ៍សារព័ត៌មានអ៊ីស្រាអែលបាននិយាយថា ផែនការនេះផ្តល់ឱ្យអ៊ីស្រាអែលកាន់កាប់តំបន់ West Bank មួយផ្នែកធំ រួមទាំងជ្រលងភ្នំ Jordan Valley ដែលស្ថិតនៅតាមបណ្តោយព្រំប្រទល់រវាងតំបន់ West Bank និងហ្ស៊កដានី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner