ថ្នាក់រៀនក្នុងសាលាចំនួន៥ក្នុងរាជធានី ត្រូវបានបិទទ្វារវិញក្រោយការរកឃើញឆ្លងកូវីដ១៩ (Video Inside)
ថ្នាក់មួយចំនួនក្នុងសាលារៀនចំនួន៥នៅរាជធានីភ្នំពេញត្រូវបានក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន ក្រោយការទើបចូលរៀនបានចំនួន២ថ្ងៃ។
យោងតាមលិខិតរបស់ក្រសួងអប់រំយុវជននិងកីឡាថ្ងៃទី១៧ខែកញ្ញា ការផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្នដោយសារមានករណីឆ្លងជម្ងឺកូវីដ១៩នេះ នឹងមានរយៈពេល១៤ ថ្ងៃ ដោយតម្រូវអ្នកជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក។
ថ្នាក់រៀនក្នុងសាលារៀនទាំង៥ដែលត្រូវបានផ្អាកនោះរួម មាន ក្នុងវិទ្យាល័យ ហ៊ុនសែន ពញាពន់ គឺបិទថ្នាក់ទី៩B, នៅវិទ្យាល័យបឹងប្រិយ៍ បិទថ្នាក់ទី១២A1, ថ្នាក់ទី៩C1, និងថ្នាក់៩D1, នៅវិទ្យាល័យបឹងធំ បិទថ្នាក់ទី៧A2, នៅវិទ្យាល័យវត្តភ្នំ បិទថ្នាក់ទី៩D2, ថ្នាក់៩B2, ថ្នាក់៩B1, ថ្នាក់ ៩H2, ថ្នាក់១២C2, ថ្នាក់១២C1, ថ្នាក់១២B2, ថ្នាក់១២H2 និងនៅវិទ្យាល័យវត្តកោះ បិទថ្នាក់ទី៧F។ មិនមានសេច ក្តីរាយការណ៍បញ្ជាក់ថាតើករណីមានវីរុសកូវីដ១៩នោះ បានឆ្លងលើសិស្សសាលា ឬឆ្លងលើគ្រូបង្រៀននោះ ឡើយ។
ក្រសួងអប់រំបានបញ្ជាក់ថា ចំពោះថ្នាក់ដទៃទៀត ត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវរិតត្បិតការ ចេញ លេងនិងត្រូវបន្តពាក់ម៉ាស់និងលាងដៃជាប្រចាំ, មិនអនុញ្ញាតអោយមានការទាក់ទងពីសិស្សថ្នាក់មួយ ទៅថ្នាក់ មួយឡើយ, និងក៏មិនអនុញ្ញាតអោយមានការជួបជុំ ឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀនដែរ។
យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំង ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៧កញ្ញា មានចំនួន ២ពាន់៦៤១សាលា ក្នុងនោះមានថ្នាក់មត្តេយ្យ១៥៣សាលា, ថ្នាក់បឋម១ពាន់៥០០សាលា, កម្រិតអនុវិទ្យាល័យមាន៧១៦សាលា, និងកម្រិតវិទ្យាល័យមាន២៧២សាលា៕