ថ្ងៃបើកនូវយុទ្ធនាការ ចាក់វ៉ាក់សាំងដំបូង ជូនកុមារអាយុ៦ឆ្នាំដល់១១ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង មានកុមារចំនួន៧០០នាក់ នៅក្នុងក្រុងបាត៎ដំបង បានទទួលការចាក់វ៉ាក់សាំង “ឥតគិតថ្លៃ”

អត្ថបទដោយ៖
Kien Sereyvuth

       នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកនូវការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១១ឆ្នាំ នៅក្នុងបរិវេណនៃអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ខណៈដែលយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំដល់១១ឆ្នាំ បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅថ្ងៃនេះ។

       លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថាក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កូនៗចៅៗនិងក្មួយៗនៅថ្ងៃនេះ រដ្ឋបាលក្រុងបាត់ដំបង បានកំណត់ឲ្យកុមារដែលរស់នៅតាមបណ្តាសង្កាត់ទាំង៦ ក្នុងចំណោមសង្កាត់ទាំង១០ មកទទួលការចាក់វ៉ាក់សាំងដូសទី១សម្រាប់កុមារអាយុ៦ឆ្នាំដល់១១ឆ្នាំក្នុងថ្ងៃបើកយុទ្ធនាការចាក់ជូនកូនៗកុមារ ចំនួន២០០នាក់ នៅព្រឹកនេះ ហើយនិងបន្តចាក់ជូននៅថ្ងៃបន្តបន្ទាប់ទៀត។

       ថ្លែងក្នុងឱកាសបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងជូនដល់កូនៗចៅៗ អាយុ៦ឆ្នាំដល់១១ឆ្នាំ ឯកឩត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់កូនៗចៅៗនៅថ្ងៃនេះ គឺមិនមែនជាលើកដំបូងនោះទេ។កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំគិតគូយ៉ាងខ្លាំងក្នុងការដោះស្រាយរកវ៉ាក់សាំងដើម្បីឆ្លើយតបនិងទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-19ជាមួយនិងក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយបានផ្តល់នូវការចាក់វ៉ាក់សាំងបង្ការនិងទប់ស្កាត់ការឆ្លង និងចម្លងពីជំងឺកូវីដ-19ទៅក្នុងសហគមន៍ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើង ទាំងដូសទី១ ទាំងដូសទី២ និងដូសជំរុញទី៣។ ជាមួយគ្នានេះផងដែរ ក្មួយៗកុមារនិងយុវជនចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំក៏កំពុងតែដំណើរការចាក់ដូសទី១និងបន្តចាក់ដូសទី២ ដោយឡែកនៅថ្ងៃនេះរាជរដ្ឋាភិបាលបានសម្រេចក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19ជូនដល់កូនក្មួយចៅៗ ចាប់ពីអាយុ ៦ឆ្នាំ ដល់អាយុ១១ឆ្នាំនិងជាថ្ងៃដំបូង នៃការបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់”ដូសទី១” ដើម្បីចាក់ជូនដលកូនក្មួយ ប្រមាណ២០០នាក់ ដើម្បីជានិមិត្តរូបនៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង។ហើយនៅថ្ងៃបន្តបន្ទាប់និងបន្តនូវការចាក់វ៉ាក់សាំងជូនដល់កូនក្មួយចៅៗ ដែលត្រូវអនុវត្តនិងចាក់ជូននៅតាមបណ្តាស្រុក-ក្រុង ទូទាំងខេត្តផងដែរ។

                   ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ កន្លងមកនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ចាប់ពីអាយុ១៨ឆ្នាំឡើង មានចំនួនប្រមាណជាង៨០ម៉ឺននាក់។កុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំ ទាំងនៅក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធមានប្រមាណជាង១០ម៉ឺននាក់។ ដោយឡែកកុមារអាយុចាប់ពី៦ឆ្នាំ ដល់១១ឆ្នាំ មានចំនួនប្រមាណជាង ១៦ម៉ឺននាក់។

       សេចក្តីរាយការណ៍ចុងក្រោយ នៅល្ងាចថ្ងៃទី១៧ខែកញ្ញាដដែលនេះ ដែលទទួលបានពីលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តបាត់ដំបង បានឲ្យដឹងថា៖ ចំនួន កុមារចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ បានមកចាក់នៅថ្ងៃដំបូង មានចំនួនសរុប ៧០០នាក់ (កុមារីចំនួន ៣៦៤នាក់) ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner