អភិបាលខេត្តកណ្ដាល បកស្រាយជុំវិញរឿងមន្ត្រី ចុះចាប់ហាមឃាត់ពលរដ្ឋមិនឲ្យសម្លាប់សត្វពពែ

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ករណី​មន្ត្រី​ហាម​ពលរដ្ឋ​មិន​ឲ្យ​សម្លាប់សត្វ​ពពែ រួច​មក លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បកស្រាយ​ជុំវិញ​រឿង​នេះ នា​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ ។

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ក្នុង​នាម​រដ្ឋបាល​ខេត្តកណ្តាល ករណី​មន្ត្រី​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល ធ្វើការ​ឃាត់​សួរ​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ដូច​ខាងក្រោម ៖

ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

មូលហេតុ នៃ​ការ​ឃាត់​សួរ​របស់​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ ៖ ដោយសារ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ចំនួន​១៧​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត ។

ករណី​នេះ មិនមែន​ជា​ការ​កាប់​សាច់សត្វ ដើម្បី​ហូប​ជា​លក្ខណៈ​គ្រួសារ​ទេ ប៉ុន្តែ​ជា​ប្រភេទ​អាជីវកម្ម​លើ​សាច់សត្វ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​ចូល​សត្វ​ពពែ មក​ពី​ខេត្តបន្ទាយមានជ័យ មក​កាប់​សាច់​លក់​រាល់ថ្ងៃ ប្រជាជន​ទាំង ២៥​នាក់ បាន​នាំ​ចូល មួយ​ថ្ងៃ​៥០​ក្បាល ។ គាត់​មិន​ព្រម ចូល​សត្តឃាតដ្ឋាន ហើយ​នៅ​តែ​កាប់ តាម​ផ្ទះ ចោល​សំណល់​តាម​ដង​ទន្លេ ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន និង​ងាយ​ចម្លងជំងឺ​ដល់ សត្វ ឬ​មនុស្ស (​ចម្ងាយ​ពី​ផ្ទះ​បងប្អូន​អាជីវករ ដល់ទី​តាំង​សត្តឃាតដ្ឋាន​ប្រមាណ ៨០០​ម៉ែត្រ​ប៉ុណ្ណោះ​) ។

មន្ត្រី​ជំនាញ បាន​ជំរុញ​ឲ្យ​គាត់​ចូល​សត្តឃាតដ្ឋាន ប៉ុន្តែ​ដោយសារ​ការ​មិន​ត្រូវរ៉ូវ​តម្លៃ​គ្នា រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​អាជីវករ​កាប់​សាច់ ដោយ​តម្លៃ​សត្តឃាត​មួយ​ក្បាល​តម្លៃ ៩,០០០​រៀល ប៉ុន្តែ​អាជីវករ​ស្នើ​សុំ​បង់​ត្រឹមតែ ៤,០០០​រៀល ទើប​បងប្អូន​បន្ត​កាប់​តាម​ផ្ទះ ។

មន្ត្រី​ជំនាញ បាន​ប្រជុំ​ណែនាំ ជា​ច្រើន​ដង និង​រយៈពេល​ចុង​ក្រោយ​នេះ គាត់​សុំ​ពន្យា​ពេល​មួយ​ខែ ដើម្បី​រៀបចំ​មុខរបរ​គាត់ ។ កន្លង​ហួស​១​ខែ នៅ​តែ​មិន​ព្រម ដោះស្រាយ​គ្នា តាម​ច្បាប់​អាជីវកម្ម ទើប​មន្ត្រី​ជំនាញ​ចុះ​ចាប់​សាច់ អោយធ្វើ​កិ​ច្ជ​សន្យា ឈប់​កាប់​សាច់​លក់ តាម​ផ្ទះ​ទៀត និង​ត្រូវ​មាន​លិខិត​អនុ​ញ្ញតិ​អាជីវកម្ម ពិឃាដ​សត្វ ។

វិធានការ របស់​រដ្ឋបាល​ខេត្តកណ្តាល ៖
-​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​អភិបាលស្រុក សម្របសម្រួល និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​សាច់សត្វ ។ ប៉ុន្តែ​ក្នុង​ករណី​ប្រជាពលរដ្ឋ​ធ្វើការ​កាប់​សាច់សត្វ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ត្រូវ​អនុញ្ញាត​ជូន​ពួក​គាត់ និង​ហាម​ដាច់ខាត​ការ​រំខាន​នានា ។

-​ជំរុញ​ការ​សម្របសម្រួល​ការងារ​បច្ចេកទេស និង​ការ​ច​ចារ​តម្លៃ​រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​អាជីវករ​ប្រកប​អាជីវកម្ម​សាច់សត្វ
នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​សាលាស្រុក​ព​ញ៉ា​ឮ ។

-​ក្រើនរម្លឹក​មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្ត មាន​សម្តី ឥរិយា​បទ របៀបរបប​ការងារ​អោយ​ល្អ​ប្រសើរ ជាមួយ​ប្រជាជន អាជីវករ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឆ្លើយ​តប​រឿង​មន្ត្រី​ចុះ​ចាប់​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​កាប់​ពពែ យក​សាច់ ដោយ​ឯកឧត្តម វេ​ង សា​ខុន បាន​ឆ្លើយ​តប​តាម​រយៈ​ការ​ខ​មិន យ៉ាង​ដូច្នេះ​ថា «​ការ​ចិញ្ចឹមសត្វ និង​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ គឺ​ពុំ​មានទោស​ទណ្ឌ និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នោះ​ទេ ហើយ​ក៏​គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ការ​ប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ លើកលែងតែ​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង​ធ្វើ​អា​ជី​កម្ម​តែ​ប៉ុណ្ណោះ​» ។

ជុំវិញ​ករណី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជា​ឲ្យ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ជា​កញ្ចប់ ទាំង​ក្រប​ខណ្ឌ​គោលនយោបាយ​ច្បាប់ និង​ល​ខិត​បទដ្ឋាន​នានា ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​សម្លាប់​ពពែ នៅ​តាម​ផ្ទះ​របស់​ពួក​គាត់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា ដំណាក់​ការ​ដែល​យើង​កំពុង​ស្ថិត​នៅ គឺជា​ដំណាក់​កា​រក​សិ​-​ពាណិជ្ជកម្ម ដែល​កសិករ​យើង​មិន​គ្រាន់តែ​ដាំ​ដុះ ឬ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ផង​ដែរ ។ ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ត្រូវ​គិតដល់​បញ្ហា​សុខភាព​សាធារណៈ ជំងឺឆ្លង​ដែល​ចេញពី​សត្វ ដែល​ធ្វើ​ចរាចរ​ក្នុង​ទីផ្សារ បញ្ហា​អានា​ម័​យ​។​ល​។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner