កងកម្លាំងសន្តិសុខបានសម្លាប់សកម្មប្រយុទ្ធ មុខសញ្ញារបស់ឥណ្ឌូនេស៊ីក្នុងការបាញ់ប្រហារមួយ
យោធាឥណ្ឌូនេស៊ីនិយាយថា សកម្មប្រយុទ្ធដែលជាគោលដៅមុខសញ្ញាពីរនាក់របស់ឥណ្ឌូនេស៊ីមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដោយកងកម្លាំងសន្តិសុខដែលធ្វើយុទ្ធនាការប្រឆាំងភេរវកម្មប្រឆាំងក្រុមជ្រុលនិយមក្នុងព្រៃភ្នំដាច់ស្រយាល។
បើតាមមេបញ្ជាការយោធាប្រចាំតំបន់ Sulawesi ភាគកណ្តាលឧត្តមសេនីយ៍ Farid Makruf ជនសកម្មប្រយុទ្ធមុខសញ្ញាជ្រុលនិយមទាំងពីរ ឈ្មោះ Ali Kalora និង Jaka Ramadan និងត្រូវបានសម្លាប់ក្នុងស្រុក Parigi Moutong ដែលសម្បូរភ្នំនៃខេត្ត Sulawesi ភាគកណ្តាល។
លោក Makruf និយាយថា Ali Kalora គឺជាភេរវករមុខសញ្ញាធំបំផុត និងជាមេដឹកនាំនៃបណ្តាញ មូចាហ៊ីដេន (Mujahideen)ឥណ្ឌូនេស៊ីខាងកើតដែលជាក្រុមសកម្មប្រយុទ្ធដែលប្តេជ្ញាស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាមក្នុងឆ្នាំ ២០១៤។ ការបាញ់សម្លាប់កាលពីថ្ងៃសៅរ៍កើតឡើងពីរខែ បន្ទាប់ពីកងកម្លាំងសន្តិសុខសម្លាប់សមាជិកសង្ស័យពីរនាក់របស់ក្រុមនេះក្នុងកំឡុងពេលការវាយឆ្មក់មុនថ្ងៃរះនៅក្នុងតំបន់ដូចគ្នា។
មូចាហ៊ីដេនឥណ្ឌូនេស៊ីខាងកើតអះអាងថា ខ្លួននៅពីក្រោយការសម្លាប់មន្ត្រីប៉ូលីស និងគ្រឹស្តសាសនាជនជាតិភាគតិច។ ប្រតិបត្តិការសន្ដិសុខនៅក្នុងតំបន់ផ្ទុះកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីព្យាយាមចាប់យកសមាជិកនៃបណ្តាញនេះដោយផ្តោតលើ Ali Kalora ដែលជាមេដឹកនាំក្រុម។
ឥណ្ឌូនេស៊ីដែលជាប្រទេសមានសាសនិកអ៊ិស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក បានរក្សាការបង្ក្រាបក្រុមសកម្មប្រយុទ្ធចាប់តាំងពីការបំផ្ទុះគ្រាប់បែកនៅលើកោះទេសចរណ៍បាលីក្នុងឆ្នាំ ២០០២ ដែលសម្លាប់មនុស្ស ២០២ នាក់ភាគច្រើនជាជនបរទេស។
បច្ចុប្បន្ន ការវាយប្រហារលើជនបរទេសនៅឥណ្ឌូនេស៊ីមិនសូវកើតមានទេ ប៉ុន្តែការវាយប្រហារ និងការសម្លាប់មនុស្សដែលផ្តោតលើរដ្ឋាភិបាលជាពិសេសគឺប៉ូលីស និងកងកម្លាំងប្រឆាំងភេរវកម្ម រួមទាំងសកម្មប្រយុទ្ធដែលមិនសូវជ្រុលនិយម ក្រោមការបំផុសគំនិតដោយយុទ្ធសាស្ត្រក្រុមរដ្ឋអ៊ីស្លាមនៅបរទេស ភាគច្រើនកើតមាន។

ប្រភព៖ NPR