ករណីវិជ្ជមានជំងឺកូវីដ១៩ នៅសិង្ហបុរីមានការកើនឡើង

ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​សិង្ហបុរី​មាន​ការ​កើនឡើង​ជា​លំដាប់​នៅ​ក្នុង​ខែ​កញ្ញា​នេះ ដោយ​ករណី​ប្រចាំ​ថ្ងៃ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ មាន​រហូត​ដល់​ទៅ​ ១ ០០៩ករណី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​នេះ។

ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ប្រមាណ ១ពាន់​ករណី​នេះ ជា​កំណត់ត្រា​មួយ​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ឆ្នាំ២០២១​នេះ។ ចំណោម ១ ០០៩ករណី មាន​ការ​ឆ្លង​ជា​សហគមន៍​ចំនួន ៩២៦ករណី និង​ ៧៨ករណី​ឆ្លង​ក្នុង​ចំណោម​ពលករ​អន្តោប្រវេសន៍ និង​មាន​ករណី​នាំ​ចូល​ចំនួន ៥ករណី។

នៅ​សិង្ហបុរី ក្នុង​រយៈពេល ២៨ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​អ្នក​ឆ្លង​ប្រមាណ ៩៨% ជា​ករណី​ស្រាល ឬ មិន​មាន​រោគសញ្ញា​សោះ​តែ​ម្ដង។

សិង្ហបុរី​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ប្រមាណ ៧៦ ០០០ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ៦០នាក់

គិត​ត្រឹម​ខែ​កញ្ញា​នេះ​ ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ មាន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូស​សរុប ៨២% និង​ប្រមាណ ៨៤% ទទួល​បាន​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner