ក្រុមបាតុករគាំទ្រលោកត្រាំមួយចំនួនតូចប្រមូលផ្ដុំនៅមុខសភា ក្រោមការឃ្លាំមើលយ៉ាងខ្លាំងពីប៉ូលិស

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៨ កញ្ញា​ ប៉ូលិស​ និង​អ្នក​សារព័ត៌មាន​មាន​ចំនួន​ធំ​ជាង​បាតុករ នៅ​ក្នុង​បាតុកម្ម​រៀប​ចំ​ដោយ​អ្នក​គាំទ្រ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពី​មុខ​អគារ​កាពីតូល​របស់​សភា​អាមេរិក​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អ្នក​ចូល​រួម​កុបកម្ម​វាយ​លុក​ចូល​អគារ​នេះ​កាល​ពី​ថ្ងៃ​ទី​ ៦ មករា​ដើមឆ្នាំនេះ​កន្លងទៅ​​។

ប៉ូលិស​រាប់​រយ​នាក់​ល្បាត​នៅ​បរិវេណ​វិមាន​កាពីតូល ហើយ​របង​កម្ពស់​ជាង​ពីរ​ម៉ែត្រ​ត្រូវ​បាន​សាងសង់​នៅ​ជុំវិញ​ទី​នោះ​ ខណៈ​ពេល​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បម្រុង​ទាហាន​ឆ្មាំ​ជាតិ​មួយ​រយ​នាក់​សម្រាប់​ការ​ដាក់​ពង្រាយ​បើ​សិន​ចាំបាច់​។ វិធានការ​ទាំង​នេះ​បង្ហាញ​ពី​ភាព​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​អំពី​ការ​កើត​ឡើង​ការ​វាយ​ប្រហារ​ដូច​កាល​ពី​ថ្ងៃ ៦ មករា​ម្ដង​ទៀត​។

បាតុករ​ប្រមាណ​ ១០០ ទៅ​ ២០០​នាក់​ បាន​ប្រមូល​ផ្ដុំ​នៅ​មុខ​អគារ​សភា​អាមេរិក​ ដោយ​ខ្លះ​មាន​កាន់​ទង់​នៃ​ក្រុម​ស្ដាំ​ជ្រុល​និយម​។ ចំនួន​នេះ​គឺ​តិច​ជាង​ការ​រំពឹង​ទុក​ ៧០០ នាក់​របស់​អ្នក​រៀប​ចំ​ ដែល​រៀប​ចំ​ការ​បាតុកម្ម​នេះ​ដើម្បី​បំពេញ​បំណង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​គាំទ្រ​របស់​លោក​ត្រាំ​ក្នុង​សរសេរ​ប្រវត្តិសាស្ត្រ​ឡើង​វិញ​នៃ​ការ​វាយ​ប្រហារ​លើ​អគារ​កាពីតូល​ បន្ទាប់​ពី​ការ​ចាញ់​ឆ្នោត​របស់​លោក​។

ក្រុម​បាតុករ​ បាន​អះអាង​ថា​ អ្នក​វាយ​លុក​ចូល​ទៅ​បំផ្លាញ​អគារ​កាពីតូល​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​គឺ​ជា ​«អ្នក​ទោស​នយោបាយ​» ហើយ​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​ពួកគេ​។ មនុស្ស​ជាង​ ៦០០​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ ៦ មករា​ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​បួន​នាក់​ស្លាប់​។ អយ្យការ​ និង​អ្នក​ជំនាញ​ច្បាប់​បាន​និយាយ​ច្បាប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​បុគ្គល​ទាំង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​ និង​គ្រប់គ្រង​ដោយ​ត្រឹមត្រូវ​។

ក្រុម​បាតុករ​ក៏​នៅ​មាន​ជំនឿ​ដោយ​គ្មាន​មូលដ្ឋាន​ថា​លោក​ត្រាំ​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ប៉ុន្តែ​លទ្ធផល​ត្រូវ​បាន​គេ​ក្លែង​បន្លំ​ឱ្យ​លោក​ចូ បៃដិន​ឈ្នះ​វិញ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner