ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំង និងអាណាព្យាបាលកុមារ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់អាយុ ១១ឆ្នាំ នៅសង្កាត់ក្រចេះ
ក្រចេះ ៖ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មាតាបិតាឬ អាណាព្យាបាលកុមារនិងប្អូនៗកុមារ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ នៅចុងសប្តាហ៍កន្លងទៅនេះ ។
នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន មានប្រសាសន៍ថា នេះគឺជាមោទនភាពណាស់សម្រាប់ខេត្តក្រចេះ ក៏ដូចជាក្រុមការងារនិងក្រុមគ្រូពេទ្យដែលបានរៀបចំការចាក់ វ៉ាក់សាំងសម្រាប់ក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំដល់១១ឆ្នាំ ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីមន្ទីរសុខាភិបាលដែលបានយកចិត្តទុកយកអស់ទាំងកម្លាំងកាយចិត្តរៀបចំជួយសម្រួលក្នុងកាចាក់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋ យុវជននិងកុមារនៅពេលនេះផងដែរ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមាតាបិតាអាណាព្យាបាលដែលបានចូលរួម ដែលនេះគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការជួយសង្គមជាតិរបស់យើង ចំពោះការចាក់វ៉ាក់សាំងនេះគឺជាកាចាំបាច់មួយក្នុងការជួយកាពារសិទ្ធិរស់រានមានជីវិត របស់ប្រជាពលរដ្ឋក៏ដូចជាក្មួយៗកុមារាកុមារី ក្នុងការថែទាំសុខភាពនិងការផ្ដល់ឱកាសសម្រាប់ការត្រឡប់ទៅសាលារៀនវិញ ។
ឯកឧត្តម មានប្រសាសន៍ថា នៅក្នុងដំណាក់កាលទី៣នេះគឺបានផ្ដល់ឱកាសលើកទឹកចិត្តដល់កុមារាកុមារី បានទទួលការចាក់វ៉ាក់សាំងនិងអាចផ្តល់ឱកាសឱ្យត្រឡប់ទៅចូលសាលារៀនវិញ វាជាមូលដ្ឋានគ្រឹះរបស់យើងសំខាន់ណាស់សម្រាប់ទៅថ្ងៃអនាគត ប្រសិនបើកូនក្មេងរបស់យើងមិនបានចូលសាលារៀនទេមិនបានរៀនតាមគ្រប់លក្ខខណ្ឌរបស់សាលាបានច្បាស់លាស់ទេ វាអាចធ្វើអោយប៉ះពាល់នូវមូលដ្ឋានគ្រឹះរបស់យើងធ្ងន់ធ្ងរណាស់ ។
ទាំងនេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្តេចបានខិតខំណាស់ក្នុងការស្វែងរកវ៉ាក់ សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារនូវសុខភាពរបស់ប្រជាពលរដ្ឋនិងដើម្បីឲ្យកូនចៅរបស់យើងឲ្យត្រឡប់ទៅសិក្សានៅឯសាលារៀនវិញផងដែរ ៕ ដោយ ម៉េង គាង