ប្រទេសចិន៖ ទីក្រុង Xiamen ប្រាប់ប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈមានករណីរីករាលដាលជំងឺកូវីដ ១៩
ទីក្រុង Xiamen ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន កំពុងរងផលប៉ះពាល់ ដោយកូវីដ-១៩ បានប្រកាសប្រាប់អ្នកស្រុក កាលពីថ្ងៃសៅរ៍ឱ្យស្នាក់នៅផ្ទះនិងបិទខ្ទប់កន្លែងផ្សេងៗ ព្រោះគេឃើញមានករណីឆ្លងរីករាលដាលនៅក្នុងចំណុចក្តៅមួយនៅប្រទេសក្នុងអំឡុងរដូវវិស្សមកាលប្រចាំឆ្នាំ។
រដ្ឋាភិបាលនៃទីក្រុង Xiamen បានជូនដំណឹងជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋកុំឱ្យចាកចេញពីផ្ទះ បើមិនមានករណីចាំបាច់ ហើយសម្រេចបិទខ្ទប់ឧទ្យាន កន្លែងទេសភាព និងកន្លែងកីឡានានា ព្រមទាំងបញ្ឈប់សកម្មភាពមហាជនរួមទាំងដំណើរកម្សាន្ត ការតាំងពិពណ៌ និងការសម្តែងជាដើម។
ទីក្រុង Xiemen មានប្រជាជនជាង ៥លាននាក់ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៤នៅក្នុងខេត្ត Fujian ដែលជាចំណុចក្តៅនៃការរីករាលដាលមេរោគកូវីដ១៩ ចុងក្រោយបង្អស់របស់ប្រទេសចិន ដែលគេរកឃើញករណីឆ្លងថ្មីៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកទេសចរ មិនត្រូវបានអនុញ្ញាតឱ្យទៅចេញពីបរិវេណលំនៅដ្ឋាន ដោយមិនមានការអនុញ្ញាតឡើយ ការធ្វើចរាចរណ៍យានយន្ត ដែលមិនចាំបាច់ចូល និងចេញពីតំបន់លំនៅដ្ឋាន ត្រូវបានហាមឃាត់ ហើយការទទួលទានអាហារនៅភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងផ្សេងទៀត ក៏ត្រូវបានហាមឃាត់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី ១០ ខែកញ្ញា ខេត្ត Fujian បានរកឃើញករណីឆ្លងសហគមន៍ចំនួន ២៩២ ករណីហើយ។


ប្រភព៖ CNA