ម៉ាឡេស៊ីសម្តែងការព្រួយបារម្ភពីស្ថិរភាពក្នុងតំបន់បន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីនាវាមុជទឹករវាងមហាអំណាច

ប្រទេស​ម៉ាឡេស៊ី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ភាព​ជា​ដៃ​គូ​សន្តិសុខ​របស់​ប្រទេស​អូស្ត្រាលី​ ចក្រភពអង់គ្លេស​ និង​សហរដ្ឋអាមេរិក​ (AUKUS) ដែល​អាច​បង្ក​អោយ​មាន​ការ​ប្រកួត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ។

ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ (PMO) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «ភាព​ជា​ដៃ​គូ​នេះ​នឹង​បង្ក​អោយ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​​ធ្វើ​បន្ថែម​សកម្មភាពបែប​​នេះ​នៅ​ក្នុង​តំបន់​ ជា​ពិសេស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​» ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​៖ «ក្នុង​នាម​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ ម៉ាឡេស៊ី​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ការ​រក្សា​អាស៊ាន​ជា​តំបន់​សន្តិភាព​សេរីភាព​ និងអព្យាក្រឹត្យភាព​ (ZOFPAN)» ។

នៅ​ក្នុង​ភាព​ជា​ដៃ​គូ​នោះ​ ប្រទេស​អូស្ត្រាលី​នឹង​សាង​សង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន​ ៨ ​គ្រឿង​។ ភាព​ជា​ដៃ​គូ​របស់​ភាគី​ទាំង​បី​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​យោធាដើម្បី​ទទួល​បាន​កង​នាវា​មុជទឹក​នុយក្លេអ៊ែរ​ និង​នាវា​កាំ​ជ្រួច​មីស៊ីល​។

ប្រទេស​ចិន​ក៏​បាន​ថ្កោល​ទោស​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា​ការ​គំរាម​កំហែង​ដោយ​មិន​​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លាំង​ចំពោះ​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​ធ្វើ​អោយ​បារាំង​ខឹង​សម្បារ​ផង​ដែរ​ដោយ​ខ្លួន​​បាន​កំពុង​ចរចា​លក់​នាវា​មុជ​ទឹក​ទៅ​អោយ​ប្រទេស​អូស្ត្រាលី​។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner