វិធានការចាំបាច់ត្រូវបានអនុវត្ត ក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជាបន្តបន្ទាប់ហើយ
សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ប្រើវិធានការចាំបាច់មួយចំនួន ចំពោះបុគ្គលមិនគោរពច្បាប់ ក្នុងពេលដែលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិ-សង្កាត់មួយចំនួនជាតំបន់ក្រហម បញ្ហាប្រឈមចំពោះមុខ គឺការបំពានធ្វើដំណើរនៃបុគ្គល ដោយផ្អែកលើបញ្ហា ដោះស្រាយម្ហូបនិងស្បៀងអាហារ ។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់ដាក់ជាតំបន់ក្រហមជាបណ្តោះអាសន្ន រួមមានសង្កាត់ស្លក្រាម ,ស្វាយដង្គំ , គោកចក , សង្កាត់ជ្រាវ ភូមិតាវៀននៃសង្កាត់សាលាកំរើក ភូមិព្រៃធំនិងភូមិស្រង៉ែក្នុងសង្កាត់ស្រង៉ែ នៃក្រុងខេត្តសៀមរាប ដើមី្បទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សៀមរាប បានអនុវត្តវិធានការចាំបាច់មួយចំនួន ចំពោះបុគ្គលដែលមិនគោរពតាមបម្រាម ដែលរដ្ឋបាលខេត្តបានដាក់ចេញ។
ការអនុវត្តវិធានការ “តំបន់ក្រហម” នេះ គឺត្រូវបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យមានការធ្វើដំណើរចេញពីលំនៅដ្ឋាន ទីសំណាក់របស់ខ្លួន រួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ ក៏មានការលើកលែងផងដែរ ដូចជាការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការដំណើរទៅធ្វើសំណាក ទៅទទួលការចាក់វ៉ាក់សាំង ការធ្វើដំណើរក្នុងសកម្មភាពចែកអំណោយសង្គ្រោះ និងការធ្វើដំណើររបស់មន្រ្តីបុគ្គលិកសុខាភិបាលជាដើម។
ការបិទខ្ទប់ជាបណ្តោះអាសន្តតំបន់ក្រហម មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ អ្វីដែលក្រុមការងារនិងសមត្ថកិច្ចជួបជាបញ្ហាប្រឈមនោះ គឺការអនុវត្តវិធានការបញ្ឈប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវ។ នៅតាមគោលដៅបិទខ្ទប់ និងតាមដងផ្លូវនានាមួយចំនួនក្នុងតំបន់ក្រហម គេឃើញមានបុគ្គលអ្នកធ្វើដំណើរបំពានបំរាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ទុកមធ្យោបាយធ្វើដំណើរ និងអនុញ្ញាតិឲ្យម្ចាស់យានយន្កទាំងនោះត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ក្រោយពីមានការអប់រំ។ យានយន្តដែលត្រូវបានសមត្ថកិច្ចឃាត់ទុក ដែលភាគច្រើនជាម៉ូតូនោះ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់ដើមវិញ ក្រោយពីការកំណត់តំបន់ក្រហមត្រូវបានបញ្ចប់។ អនុសេនីយ៍ឯក រ៉ន ម៉ុន នាយប៉ុស្ថិនគរបាលរដ្ឋបាលសង្កាត់គោកចក បញ្ជាក់ប្រាប់ថា ចាប់ពីថ្ងៃទី២០ខែកញ្ញាទៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ការធ្វើដំណើរបំពានបំរាមក្នុងតំបន់ក្រហមនឹងត្រូវបានរឹតបន្តឹងបន្ថែម ដោយការពិន័យជាប្រាក់។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរងការឃាត់ទុកមធ្យោបាយធ្វើដំណើរទាំងនោះ គឺភាគច្រើនបាននិយាយថា ដោយសារតែតម្រូវការធ្វើដំណើរទៅទិញម្ហូបអាហារ។ ការណែនាំពីសំណាក់សមត្ថកិច្ច បានពន្យល់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា រដ្ឋបាលខេត្តសៀមរាប មានការផ្តល់ការដឹកទំនិញជាស្បៀងអាហារ ក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ ដោយឥតគិតថ្លៃ។
ជុំវិញបញ្ហានេះ លោក ប៊ូ បឿន អ្នកបើកបរត្រីចក្រយានយន្ត សមាជិកនៃក្រុមដឹកជញ្ជូនស្បៀងអាហារតាមការបញ្ជាទិញក្នុងតំបន់ក្រហម បានបញ្ជាក់បន្ថែមថា តាមការរៀបចំរបស់សាលាខេត្ត ក្រុមរបស់លោកកំពុងសកម្ម ផ្តល់ភាពកក់ក្តៅ ដឹកជញ្ជូនទំនិញជាស្បៀងអាហារ ដល់លំនៅដ្ឋានបងប្អូនតាមការបញ្ជាទិញផងដែរ៕ ដោយ ស៊ាន សុផាត