បារាំងចោទប្រកាន់អូស្ត្រាលី និងសហរដ្ឋអាមេរិកថា បំពានទំនុកចិត្ត និងកុហក ជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក
ប៉ារីស៖ បារាំងបានចោទប្រកាន់អូស្រាលី និងសហរដ្ឋអាមេរិកថា បានបំពានទំនុកចិត្ត និងជាការប្រមាថដ៏ធំមួយ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក ដែលជាការសងសឹកនោះ បារាំងបានកោះហៅឯកអគ្គរដ្ឋទូតប្រចាំក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោនត្រឡប់មកកាន់មាតុប្រទេសវិញ។
ថ្លែងតាមទូរទស្សន៍ France 2 រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ មិនបានបង្ហាញសញ្ញាណាមួយថា វិបត្តិនេះនឹងស្រាកស្រាន្តឆាប់ៗទេ ដោយលោកបានប្រើភាសាមិនការទូតទៅកាន់អូស្ត្រាលី អាមេរិក និងអង់គ្លេស ដែលសុទ្ធតែជាសមាជិកសម្ពន្ធភាពត្រីភាគីថ្មី។ ប្រមុខការទូតបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា ការដកឯកអគ្គរដ្ឋទូតជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសបារាំងចំពោះប្រទេសទាំងពីរ គឺជាទង្វើ “និមិត្តរូប” ដែលឆ្លុះបញ្ចាំងពីវិបត្តិធ្ងន់ធ្ងររវាងពួកយើង។ លោកបន្ថែមថា មានការភូតកុហក ចិត្តវៀចវេរ ការរំលោភទំនុកចិត្ត និងការប្រមាថដ៏ធំមួយ… ទង្វើបែបនេះមិនត្រូវបានសាទរ និងគួរកែចេញ។
យ៉ាងណាមិញ នៅថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្ត្រាលីបានបញ្ជាក់ម្តងទៀតថា ប្រទេសលោកបានជូនដំណឹងទៅរដ្ឋាភិបាលបារាំងជាមុន នៅមុនពេលព័ត៌មាននេះលេចឮជាសាធារណៈ ដោយលោកបានប្រាប់សារព័ត៌មាន ABC ថា វាជាការសំរេចចិត្តលំបាកមួយ ក្នុងលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង៕ ប្រភព៖ ស៊ីនហួរ

