អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា លោក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែន ដើម្បីដោះដូរនឹងនយោបាយ
សហរដ្ឋអាមេរិក៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែន រហូតទាល់តែរដ្ឋាភិបាលទីក្រុងកៀវ ធ្វើការស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក និងជាអតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។
ជាមួយគ្នានេះ សមាជិកបក្សប្រជាធិបតេយ្យបានឆ្លៀតឱកាស នៃការបញ្ចេញរបាយការណ៍ខាងលើ គាបសង្កត់អោយលោក ចន បូលតុន និងមនុស្សសំខាន់ៗដទៃទៀតចូលផ្តល់សកម្ខីកម្ម នៅក្នុងសវនាការចោទប្រកាន់លោក ដូណាល់ ត្រាំ នៅព្រឹទ្ធសភា ។ យោងតាមពង្រាងសៀវភៅរបស់លោក បូលតុន នោះ កាសែត New York Times បានសរសេរថា លោក ត្រាំ បានប្រាប់លោកបូលតុន ថា រូបលោកចង់បង្កកទុកជំនួយ៣៩១លានដុល្លារសំរាប់អ៊ុយក្រែន រហូតទាល់តែទីក្រុងកៀវ ជួយស៊ើបអង្កេតគូប្រជែងនយោបាយមកពីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ។
សូមជម្រាបផងដែរថា លោក ដូណាល់ ត្រាំ ត្រូវបានសភារៀបចំនីតិវិធីដកហូតតំណែងកាលពីខែមុន ដោយចោទប្រកាន់ពីបទរំលោភអំណាចប្រធានាធិបតី និងការរារាំងការងារសភា ក្នុងការស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងរឿងអ៊ុយក្រែន ។ សមាជិកបក្សប្រជាធិបតេយ្យចង់ឱ្យមន្ត្រីសំខាន់ៗក្នុងរដ្ឋការលោក ត្រាំ ធ្វើសកម្ខីកម្ម (សាក្សី) ក្នុងនោះរួមមាន៖ លោក បូលតុន និង នាយសេនាធិការស្តីទីលោក មីក មុលវ៉ានី ខណៈលោក បូលតុន បាននិយាយថា លោកនឹងចូលបំភ្លឺ បើមានបញ្ជាពីតុលាការ ៕ធ.ដ