រដ្ឋបាលខេត្តកំពតរៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែង

កំពត ÷ រដ្ឋបាលខេត្តកំពតរៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែងបន្ថែមទៀតដើម្បី បម្រើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនភាពទាក់ទាញប្រកបដោយភាព ស្រស់ស្អាតសំដៅបម្រើដល់វិស័យទេសចរណ៍ ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថានធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង ឲ្យបានកាន់តែប្រសើរឡើងថែមទៀតនៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងមានការអភិវឌ្ឍន៍ទៅលើគម្រោងថ្មីមួយបន្ថែមទៀត ដែលគម្រោងនេះស្ថិតនៅ តាមដងឆ្នេរព្រែកកំពត  ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាលក្រុងកំពត។

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី មន្ទីរជំនាញនិង អាជ្ញាធរពាក់ព័ន្ធ បានចុះសិក្សាវាយតម្លៃទៅដល់ទីតំាងជាក់ស្ដែងដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងថ្មីមួយបន្ថែមទៀត ឲ្យបានសម្រេចនៅពេលខាងមុខឆាប់នេះ ។

នៅតាមដងឆ្នេរព្រែកកំពត ជាគម្រោងវិនិយោគ ពីវិស័យឯកជនក្នុងជំហានដំបូងតម្រូវឲ្យធ្វើការបូមខ្សាច់ចាក់បំពេញតាមឆ្នេរដងព្រែក និងរៀបចំប្រព័ន្ធលូទឹកនឹងរៀបចំខឿនទប់ខ្សាច់ ដែលមានប្រវែងជិត ៣០០ ម៉ែត្រ ចាប់ពីចំណុច មណ្ឌលកីឡាលើទឹក រហូតដល់ ផែទូកនេសាទ ខាងត្បូងជាប់ទីលានសួនសាធារណៈព្រះបាទអង្គឌួង។

ឯកឧត្តម ជាវ តាយ បញ្ជាក់ថា ដើម្បីអភិវឌ្ឍនូវគម្រោងមួយឲ្យទទួលបានលទ្ធផលជោគជ័យ ធានាបាននូវគុណភាពនិរន្តរភាព បញ្ចៀសបាននូវផលប៉ះពាល់ គឺចាំបាច់ត្រូវមានការចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចូលរួមផ្ដល់នូវមតិយោបល់ល្អៗ ក្នុងដំណើរការកសាងនៃគម្រោងទាំងអស់នោះ។

ការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បី សិក្សាវាយតម្លៃនិងទាមទារឲ្យមានការចូលរួមមតិយោបល់ ពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណា ធ្វើឱ្យដំណើរការអភិវឌ្ឍន៍គម្រោង ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀសបាននូវផលប៉ះពាល់ឲ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឲ្យបានច្រើនបំផុត។

អភិបាលខេត្តបានគាំទ្រគម្រោងមួយនេះនិង ផ្ដាំផ្ញើដល់ជំនាញ អាជ្ញាធរពាក់ព័ន្ធ  ពិសេស មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ត្រូវធ្វើយ៉ាងណាសហការគ្នាជាមួយនឹងអ្នកវិនិយោគ សិក្សារៀបចំគម្រោងប្លង់មេឲ្យបានច្បាស់លាស់ នឹងលឿនរហ័សនៅពេលខាងមុខនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner