ថៃទុបស្កាត់វីរុសកូរ៉ូណា តែវិធានការគឺមិនត្រូវប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទេ
រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈនៃប្រទេសថៃបាននិយាយថា អាជ្ញាធរនៅតែចាត់វិធានការទុបស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ហើយអះអាងថា លទ្ធភាពបញ្ជូនអ្នកដំណើរពីប្រទេសចិនឲ្យត្រលប់ទៅវិញ គឺហាក់បីជាដូចជាលឿនពេក និងជាវិធានការខ្លាំងពេក។
លោក Anutin Charnvirakul បាននិយាយថា «ចិនបានប្រកាសបិទការធ្វើដំណើរ ហុងកុងផ្អាកសាលារៀន ស្របពេលដែលប្រទេសនីមួយៗសុទ្ធតែមានវិធានការដោះស្រាយស្ថានការណ៍នេះ។
ប្រទេសថៃក៏បានមានវិធានការបែបនេះផងដែរ»
លោកបន្តថា «ពេលខ្លះពួកយើងមានវិធានការសកម្មមុន ហើយពេលខ្លះយើងការពារ។ ពួកយើងត្រូវតែប្រាកដពីការឆ្លើយតបរបស់ពួកយើងដែលមិនប៉ះពាល់ដល់ជីវភាពប្រជាជន និងប្រព័ន្ធសេដ្ឋកិច្ច។»
លោក Anutin Charnvirakul បានបញ្ជាក់ថា សម្រាប់ប្រទេសថៃ មានករណីជំងឺរលាកដង្ហើមឆ្លងពីវីរុសកូរ៉ូណាចំនួន៨នាក់ហើយ ហើយករណីសង្ស័យមាន៨៤នាក់ ហើយក្នុងចំណោម៨ករណី មាន៧នាក់គឺជាជនជាតិចិន ហើយម្នាក់គឺជាជនជាតិថៃ ប៉ុន្តែ៥នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ។
រីឯ ក្នុងចំណោមមនុស្ស៨៤នាក់ដែលសង្ស័យនោះ មាន៤៥នាក់បានធូរស្បោយ ហើយ៣៩នាក់ទៀតកំពុងសម្រាកព្យាបាលដាច់ដោយឡែក ក្នុងមន្ទីរពេទ្យ។
ចំនួនអ្នកសង្ស័យករណីផ្ទុកវីរុសកូរ៉ូណានៅប្រទេសថៃ គិតត្រឹមថ្ងៃអាទិត្យ រកឃើញមាននៅខេត្ត ឆៀងម៉ៃ ណាខន សាវ៉ាន់ និងរ៉ាក់យ៉ង៕ធ.ដ